នៅក្នុងការវាយឆ្មក់មួយរបស់អ៊ីស្រាអែលនៅជំរំក្រុងចេនីន (Jenin) ជនជាតិប៉ាឡេស្ទីនពីរនាក់ បានស្លាប់
បរទេស៖ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ក្នុងអំឡុងពេលវាយឆ្មក់មួយក្នុងតំបន់កាន់កាប់វេស បែង នៅព្រឹកថ្ងៃពុធនេះ ដែលធ្វើឲ្យចំនួនជនជាតិប៉ាឡេស្ទីន៥នាក់ហើយត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្សេងគ្នាក្នុងរយ:ពេលជាច្រើនម៉ោង កន្លងទៅនេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍។
បុរសម្នាក់ឈ្មោះយូសិហ្វ នីម៉ើរ (Yousef Nimer) ដែលបានរងរបួសនៅក្នុងការវាយឆ្មក់បាននិយាយថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្ដើមបាញ់កាំភ្លើងសំដៅមនុស្ស១ក្រុម ដែលមានរូបគាត់កំពុងអង្គុយជាមួយនៅ ខាងក្រៅមន្ទីពេទ្យមួយក្នុងក្រុងចេនីន (Jenin) ខណៈដែលពួកគេបានបញ្ចប់ទទួលទានអាហារចុងក្រោយស៊ូហួរ(Suhur) នៅមុនពេលព្រះអាទិត្យរះក្នុងអំឡុងពេលខែដំណមមូស្លីមរ៉ាម៉ាដាន់។
អ៊ីស្រាអែលបានបង្កើនការវាយឆ្មក់ក្នុងតំបន់វេសបែងតាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលាឆ្នាំកន្លងទៅ។
កំណត់ត្រារបស់សហប្រជាជាតិ បានបង្ហាញថា មនុស្សយ៉ាងហោចណាស់៣៥៨នាក់ ក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ ត្រូវបានសម្លាប់តាំងពីថ្ងៃទី៧តុលា ដែលក្នុងចំណោមនោះមាន១ភាគ៤ជាកុមារ៕