រាជរដ្ឋាភិបាល ខិតខំដាក់ចេញសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំដាក់ចេញនូវសមិទ្ធផលជាក់ស្ដែងនៅលើដីនៅលើគ្រប់វិស័យ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ខណៈនៅពេលខាសងមុខ សមិទ្ធផល២កន្លែងធំជាងគេជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្តាល និងគម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្ហាញរូបរាងនៅក្នុងភូមសាស្រ្ដខេត្តកណ្ដាលនេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។

សម្តេចធិបតី បានថ្លែងថា កាលពេលពីរឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ មិនដឹងពេលណាបានរួចរាល់នោះទេ ជួនកាលអាច១០ឆ្នាំ ប៉ុន្តែតាមការពិត មិនដល់២ឆ្នាំផង ការសាងសង់បានសម្រេចការសាងសង់អគារមួយនេះរួចរាល់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗអស់ប្រមាណទឹកប្រាក់ប្រមាណ៤លានដុល្លារ។ សម្តេចធិបតីបន្តថា តម្រូវការរបស់ប្រជាពលរដ្ឋ គឺត្រូវការទំនើបកម្មបច្ចេកវិទ្យា និងការដោះស្រាយបានលឿន ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយ មិនមែនមានតែនៅលើក្រដាសនោះទេ។ ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំឱ្យទៅជាសមិទ្ធផលលើដីជាក់ស្តែងលើដីជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលធំជាងគេជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា ពីរកន្លែងទៀត រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ ក៏នឹងលេចរូបរាងនៅក្នុងភូមិសាស្រ្ដខេត្តកណ្ដាលនាពេលខាងមុខផងដែរ។

សម្តេចធិបតីបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តមួយមានផ្ទៃដីធំ អំណោយផលដល់ការអភិវឌ្ឍ វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវអាកាស និងវិស័យសុខាភិបាល។ ទាំងអស់នេះគឺជាសមិទ្ធផលដ៏ធំ ហើយដរាបណាប្រជាពលគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យនៅបម្រើប្រជាពលរដ្ឋ នោះរាជរដ្ឋាភិបាលនឹងខិតខំបង្កើននូវសមិទ្ធផលថ្មីៗជាប្រវត្តិសាស្ត្របន្ថែមទៀតជូនដល់ប្រជាពលរដ្ឋទូរទាំងប្រទេស៕