ចុងខែមីនា រដូវរងា «វិលមកវិញ»ជារដូវត្រជាក់ថ្មី
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកឧតុនិយមបានណែនាំថា គ្រប់គ្នាពុំគួរប្រញាប់បត់ទុកសម្លៀកបំពាក់ក្រាស់ៗនោះទេ ខណៈខែនេះ អាកាសធាតុនៅតំបន់ភាគច្រើន កំពុងឡើងកម្ដៅខ្លាំង។
ថ្មីៗនេះ អ្នកជំនាញផ្នែកឧតុនិយមអាមេរិក លោក Mark Margavage អះអាងថា «រដូវត្រជាក់ទីពីរ (របស់ឆ្នាំ 2023 – 2024) កំពុងវិលមកវិញហើយ»។
អ្នកជំនាញក៏និយាយថា បណ្ដារូបមន្ត ឬកម្មវិធីម៉ូដែលព្យាកររបស់កុំព្យូទ័រល្បីៗ ដែលមានដូចជា GFS និង EPS ជាដើម សុទ្ធតែយល់ថា នឹងមានរដូវ «ផ្ទុះប៉ូលខាងជើង» មួយ កើតឡើងក្នុងពេលឆាប់ៗនេះ។
រដូវ «ផ្ទុះប៉ូលខាងជើង» គឺជាខ្យល់អាកាសត្រជាក់ខ្លាំង ដែលតែងតែមានប្រភពពីតំបន់ Siberia របស់ទ្វីបអាស៊ី ធ្វើដំណើរចុះមកទិសខាងត្បូង ហើយអាចប៉ះពាល់ដល់ប្រទេសជាច្រើននៅអឌ្ឍគោលខាងជើង។
លោក Margavage ឱ្យដឹងថា ប្រព័ន្ធព្យាករបែបបញ្ញាសិប្បនិម្មិត (AIFS) ក៏បានព្យាករដូច GFS និង EPS ផងដែរ។ ប្រព័ន្ធនេះបានបញ្ជាក់ថា មួយក្នុងចំណោមបណ្ដារដូវ «ផ្ទុះប៉ូលខាងជើង» ដែលខ្លាំងក្លាបំផុតរបស់រដូវរងាឆ្នាំ 2023 – 2024 ជិតកើតឡើង។
មិនត្រឹមតែប៉ុណ្ណោះ បណ្ដាប្រព័ន្ធព្យាករឧតុនិយមខាងលើ ក៏បញ្ជាក់ថា រដូវ «ផ្ទុះប៉ូលខាងជើង» ដែលជិតកើតមាន នឹងកើតឡើងចំដំណាក់កាលចាប់ផ្ដើមនៃរដូវផ្ការីក។ ហេតុនេះហើយ ទើបក្រុមអ្នកឧតុនិយមរបស់លោកខាងលិច យល់ថា «រដូវរងាទីពីរ» នឹងចូលមកជំនួសកន្លែងរបស់រដូវផ្ការីកនាឆ្នាំនេះ។
(ឆាប់ៗនេះ រដូវត្រជាក់ទីពីររបស់ឆ្នាំ 2023-2024 នឹងកើតឡើងនៅអឌ្ឍគោលខាងជើង ក្នុងនោះមាន កម្ពុជា ផងដែរ)
យោងតាមទំព័រ Time and Date ដំណាក់កាលចាប់ផ្ដើមរដូវផ្ការីករបស់ប្រទេសខ្លះនៅទ្វីបអាស៊ី នឹងចាប់ផ្ដើមនៅវេលាម៉ោងប្រហែល១០ ថ្ងៃទី២០ ខែមីនានេះ។ តាមការព្យាករឧតុនិយមបច្ចុប្បន្ន នៅក្នុងថ្ងៃនោះ អាកាសធាតុក្នុងប្រទេសខ្លះ ក្នុងនោះក៏មានកម្ពុជាផងដែរ នឹងត្រូវប្រែប្រួល៖ សីតុណ្ហភាពថយចុះ និងមានភ្លៀងតិចតួច ខុសបន្តិចធៀបនឹងដំណាក់កាលមុននោះ។ ក៏ប៉ុន្តែ សីតុណ្ហភាពពេលនោះនឹងធ្លាក់ចុះខ្លាំងនៅតំបន់ភាគខាងជើងនៃអឌ្ឍគោលខាងជើង៕