វត្តមានយោធា ណាតូនឹងមិនអាចលាក់បាំងខ្លួននៅអ៊ុយក្រែនទៀតទេ
រុស្សី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski អំពីវត្តមានរបស់ទាហានប្រទេសណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយប្រាប់កាសែរ Sputnik ថា “ពួកគេមិនអាចលាក់បាំងវាបានទៀតនោះទេ”។
លោក Radoslaw Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ នៅព្រឹកថ្ងៃដដែល បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សា ជាក្រុមនៅក្នុងព្រឹត្តិការណ៍មួយ ដែលឧទ្ទិសដល់ខួបលើកទី២៥ នៃការចូលជាសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ដែលប្រទេសមួយចំនួនរបស់អង្គការណាតូ បានបញ្ជូនយោធារបស់ពួកគេ ទៅអ៊ុយក្រែនរួចហើយ ដោយព្រឹត្តិការណ៍នេះត្រូវបាន ចាក់ផ្សាយនៅលើបណ្តាញ Sejm RP YouTube ។
លោក Sikorski បានបន្ថែមថា លោកនឹងមិនបង្ហាញឱ្យដឹងថា តើរដ្ឋណាដែលបញ្ជូនយោធារបស់ពួកគេទៅទីនោះ “មិនដូចអ្នកនយោបាយមួយចំនួននោះទេ”។ មុននេះ អ្នកការទូត Sikorski បានលើកឡើងថា វត្តមានរបស់កងកម្លាំងណាតូ នៅអ៊ុយក្រែន “មិននឹកស្មានដល់នោះទេ” ដោយបន្ថែមថា លោកបានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់លោក ម៉ាក្រុង លើលទ្ធភាពនៃការបញ្ជូនកងទ័ព លោកខាងលិចទៅកាន់អ៊ុយក្រែន។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានបញ្ចេញមតិរបស់ខ្លួនថា វ៉ារស្សាវ៉ា ត្រូវសាងសង់ព្រលានយន្តហោះធំមួយ ដើម្បីដឹកជញ្ជូនទាហានណាតូ។
នៅចុងខែកុម្ភៈ លោក ម៉ាក្រុង បានឲ្យដឹងថា បារាំងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងរុស្ស៊ី “ពីការឈ្នះសង្គ្រាមនេះ”។ យោងតាមលោក មេដឹកនាំនៃបណ្តាប្រទេសលោកខាងលិច បានពិភាក្សាគ្នាអំពីលទ្ធភាពនៃ ការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ហើយទោះបីជាមិនមានការឯកភាពគ្នា ណាមួយត្រូវបានឈានដល់ក្នុងរឿងនេះក៏ដោយ ក៏គ្មានអ្វីអាចត្រូវបានបដិសេធឡើយ ។
ក្រោយមក ប្រធានាធិបតីបារាំង ដែលរងការរិះគន់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់គាត់ បានកត់សម្គាល់ថាពាក្យរបស់លោកទាំងអស់ ត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់។ លោកក៏បានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីស គ្មានដែនកំណត់ ឬបន្ទាត់ក្រហម លើបញ្ហាជំនួយដល់ទីក្រុងគៀវនោះឡើយ៕