ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចខ្ទឹមស និង​ខ្ទឹមបំពងពីលើកង់បី តែត្រូវបានម្ចាស់ឃើញទាន់ ​និង​ហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍ខាងលើ​នេះ បាន​បង្កភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ​១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ខ្ទឹមស ខ្ទឹមបំពង បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកកង់បីដឹកទំនិញ តាមបណ្ដោយផ្លូវ​១៩០ មកពីផ្សារ មកយកអីវ៉ាន់នៅឃ្លាំង ខណៈនោះគាត់បានចូលទៅជញ្ជូនអីវ៉ាន់​ពីខាងក្នុងឃ្លាំង ក៏ស្រាប់តែពេលគាត់ចេញមកវិញ ​ក៏​ឃើញជនសង្ស័យ​២នាក់ ជិះ​ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2871 បានលើកយកខ្ទឹមស មួយថង់ និងខ្ទឹមបំពងមួយថង់ បម្រុងនឹងជិះម៉ូតូ​គេចខ្លួនដែរ តែត្រូវគាត់រត់ទៅ​ហក់ធាក់​ជន​សង្ស័យខាងលើធ្លាក់ពីលើម៉ូតូ រួចស្រែកឆោឡោ បង្កការ​ភ្ញាក់​ផ្អើលដល់​ប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់​ជូនសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងម៉ូតូ រួច​បញ្ជូនទៅកាន់ប៉ុស្តិ៍​ ដើម្បីធ្វើការ​សាកសួរ រួចបន្តតាមនីតិវិធី៕