សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់ រាជរដ្ឋាភិបាល គឺដើម្បីចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ នាឱកាសអញ្ជើញជាអធិបតី ពិធីបើក«វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានអាស៊ានសម្រេចបាននាពេលកន្លងទៅទាំងក្នុងក្របខ័ណ្ឌកម្ពុជា និងក្របខ័ណ្ឌអាស៊ាន។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើរយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផល ដែលកម្ពុជាសម្រេចបានកន្លងមកព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើកគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាព្រមទាំងជំរុញការអភិវឌ្ឍសេវាសាធារណៈឌីជីថលថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និងអាស៊ានក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថាការធ្វើបរិវត្តកម្មឌីជីថល ក៏ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ហើយក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ។
សូមជម្រាបថា បច្ចេកវិទ្យាឌីជីថលគឺ ជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលចាប់តាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើបច្ចេកវិទ្យាឌីជីថលនេះថែមទៀត ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៕