បំពង់ Nord Stream ! មន្ត្រីចារកម្មកំពូល រុស្សី អះអាងថា អង់គ្លេសនិងអាមេរិក ជាអ្នកបំផ្ទុះ

រុស្ស៊ី៖ លោក Sergey Naryshkin ប្រធាននៃទីភ្នា់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ី បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ គឺជាអ្នកនៅពីក្រោយការផ្ទុះដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរ នេះបើយោងតាមការចេញផ្សាយ របស់ RT ។

បំពង់បង្ហូរហ្គាសដែលជាតំណភ្ជាប់ ថាមពលដែលត្រូវបានសាងសង់ឡើង ដើម្បីនាំយកឧស្ម័នធម្មជាតិ របស់រុស្ស៊ីដោយផ្ទាល់ទៅកាន់ប្រទេសអាល្លឺម៉ង់ ត្រូវបានបំផ្លាញ ដោយក្រុមមិនស្គាល់មុខ នៅក្នុងការផ្ទុះជាបន្តបន្ទាប់នៅក្នុង ខែកញ្ញាឆ្នាំ២០២២។

អាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ដែលចែករំលែកតំបន់សេដ្ឋកិច្ចក្នុងតំបន់នោះ បានបើកការស៊ើបអង្កេត ដាច់ដោយឡែកពីគ្នា បន្ទាប់ពីបរាជ័យក្នុងការយល់ព្រមលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាហើយ ទោះជាយ៉ាងណាក៏ដោយ កាលពីខែមុនរដ្ឋាភិបាល ទីក្រុង Stockholm និងបន្ទាប់មកទីក្រុង Copenhagen បានបិទសំណុំរឿងរបស់ពួកគេ។

លោកVladimir Putin ប្រធានាធិបតីរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់ នៅទីក្រុងមូស្គូ ធ្លាប់បានចោទ ប្រកាន់ថា សហរដ្ឋអាមេរិក មានផលប្រយោជន៍ ច្រើនជាងគេ ពីការបំផ្លិចបំផ្លាញ ហើយបានចង្អុលបង្ហាញពីការប្រឆាំង សាធារណៈរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការសាងសង់បំពង់បង្ហូរប្រេង នេះផងដែរខណៈដែល ទីក្រុងមូស្គូក៏បានចោទប្រកាន់ លោកខាងលិចថា បានបិទជញ្ជាំងការស៊ើបអង្កេតនេះ៕