ផែនការបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសរសេរសៀវភៅប្រវត្តិសាស្ត្រ ពីនាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ឯកឧត្តមបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ នេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា។

ក្នុងពេលឯកឧត្តមអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣នេះ បានបញ្ជាក់ដោយផ្ទាល់នូវព័ត៌មានខាងលើពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។

កន្លងមកមានការលើកឡើងថា យុវជន​កម្ពុជា​សព្វថ្ងៃ​ហាក់​មិន​ចាប់​អារម្មណ៍ មិន​ខ្វល់​ខ្វាយ ចង់ដឹង ចង់រៀន និង​ចង់​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​ឡើយ ខណៈដែលប្រវត្តិសាស្ត្ររបស់កម្ពុជា ភាគច្រើនចងក្រងដោយអ្នកស្រាវជ្រាវឬក៏អ្នកនិពន្ធបរទេស។

ជាមួយគ្នានេះ អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រធ្លាប់បានលើកឡើងថា ការសិក្សា​ប្រវត្តិសាស្ត្រ នាំឲ្យ​យើង​មាន​មោទនភាព​ជាតិ យល់​ដឹង​ពី​ការការពារ​ខ្លួន​ឯង និង​យល់​ដឹង​ពី​ការអភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ជាតិផងដែរ៕