ការចូលរួមថ្កោលទោសអ៊ីស្រាអែលពី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បន្ទាប់ពីមនុស្សស្លាប់ច្រើននៅហ្កាហ្សា

បរទេស៖ អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីមីរ៉ាត់អារ៉ាប់រួម បានចូលរួមក្នុងរលកនៃការថ្កោលទោសអ៊ីស្រាអែល កាន់តែខ្លាំងឡើង បន្ទាប់ពីជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់ និងរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការផ្ទុះឡើងនូវអំពើហិង្សា នៅក្នុងតំបន់ហ្កាហ្សា។

កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារក្បែរក្បួនរថយន្តដឹកស្បៀងអាហារ ដែលព្យាយាមយកស្បៀងទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង។ ប៉ុន្តែកងទ័ពនេះ បានបដិសេធថា មិនបានបាញ់ប្រហារទៅលើមនុស្ស ដោយនិយាយថា ជនរងគ្រោះភាគច្រើន ត្រូវបានគេជាន់ ឬត្រូវបុក ខណៈដែលរថយន្តដឹកស្បៀងទាំងនោះ ព្យាយាមគេចពីភាពចលាចល នៅពេលព្រឹកព្រលឹម នៅពេលដែលហ្វូងមនុស្ស បានមកជួបពួកគេ។

អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដែលអ៊ីស្រាអែលចង់បង្កើតទំនាក់ទំនងការទូត បានចោទប្រកាន់ «កងកម្លាំងទាំងនោះថា «បានកំណត់គោលដៅជនស៊ីវិលដែលគ្មានអាវុធ»។

ប្រទេសអារ៉ាប់រួម បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះ ហើយបានព្រមានអំពី «ស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ និងគ្រោះថ្នាក់» នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស៕