មិនទាន់ចប់ទេ! រដ្ឋបាលខេត្តកំពង់ចាម បញ្ជូនសំណុំរឿងចាក់ថ្មចូលទន្លេទៅតុលាការ ខណៈបច្ចុប្បន្នស្ដារចេញវិញបាន៧០ភាគរយ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៤ បានសហការជាមួយ តុលាកាខេត្ត ចុះពិនិត្យវឌ្ឍនៈភាពការងារកាយថ្មចេញពីផ្ទៃទន្លេនៅឃុំឫស្សីស្រុក ស្រុកស្រីសន្ធរដោយបច្ចុប្បន្នកាយចេញវិញសម្រេចបាន ៧០ភាគរយ ខណៈករណីនេះត្រូវបានរដ្ឋបាលខេត្តបញ្ជូនសំណុំរឿងដល់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី ២-មីនា-២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថា ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្ល ចាប់ពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់ ត្រូវបាន ដឹកចេញទៅទុកដាក់នៅដីឯកជន នៅទីតាំងផ្សេងទៀត។
តាមការវាយតម្លៃជាបឋម របស់រដ្ឋបាលខេត្ត ការកកាយថ្មចេញវិញនេះ គឺសម្រេចបានប្រមាណ ៧០% ពោលគឺផ្នែក ខាងលើត្រូវបានប្រមូលចេញអស់ហើយ និងបន្តកកាយយកផ្នែកខាងក្រោមទឹកបន្តទៀត។ តាមការប្តេជ្ញាចិត្តរបស់ម្ចាស់ដី នឹងខិតខំកកាយថ្មពីផ្នែកខាងក្រោមទឹក ឲ្យរួចជាស្ថាពរ ក្នុងរយៈពេលត្រឹម ១០ថ្ងៃទៀត។
រដ្ឋបាលខេត្តបញ្ជាក់ថា សកម្មភាពនៃការកកាយថ្មនេះ ត្រូវបានភាគីម្ចាស់ដី រាយការណ៍ជូនអាជ្ញាធរជាប់ជាប្រចាំ។ ខណៈរដ្ឋបាលខេត្ត នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការអនុវត្តវិធានការរដ្ឋបាលនេះ ដោយមាន ឯកឧត្តម ស្រី សុភ័ក្ត អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដែលមានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត តាមដាន វាយតម្លៃ នូវការអនុវត្តវិធានការរដ្ឋបាលនេះរហូតដល់ចប់ជាស្ថាពរ។
រដ្ឋបាលខេត្តបញ្ជាក់ថា បន្តត្រួតពិនិត្យចំពោះវិធានការផ្លូវច្បាប់ គឺរដ្ឋបាលខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងដល់ស្ថាប័នសាលាដំបូងខេត្ត កំពង់ចាមរួចហើយ ហើយស្ថាប័នតុលាការក៏កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរលើករណីនេះ ។
អភិបាលខេត្តកំពង់ចាមបាន អរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ច មន្ទីរជំនាញ អ្នកសារពត៏មាននានា ដែលបានចូលរួមសហការយ៉ាងល្អ ឈានដល់ការសម្រេចបានជោគជ័យក្នុងការចាត់វិធានការរដ្ឋបាលលើសកម្មភាពបំពានមួយនេះ៕