ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ នាយករដ្ឋមន្ត្រីហូឡង់ និងអ៊ុយក្រែន
អ៊ុយក្រែន៖ លោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) ប្រធានាធិបតី និងលោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១0ឆ្នាំ ដោយប្រទេសហូឡង់ បានសន្យាថា នឹងជួយផ្តល់ថវិកាដល់ការផ្គត់ផ្គង់កាំភ្លើងធំចំនួន ៨00.000 ដើម ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។
លោក RUTTE បាននិយាយថា៖«វាច្បាស់ណាស់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ត្រូវការជាបន្ទាន់នូវមីស៊ីលការពារដែនអាកាស និងគ្រាប់កាំភ្លើងធំបន្ថែមទៀត។ ដូច្នេះការផ្តោតអារម្មណ៍របស់យើងគឺលើការបង្កើនផលិតកម្មការពារជាតិរបស់យើង និងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយការខ្វះខាតក្នុង រយៈពេលខ្លី»។
លោកបានបញ្ជាក់ថា ប្រទេសហូឡង់ នឹងចំណាយប្រាក់ ១៦២លានដុល្លារឆ្ពោះទៅរកគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយសាធារណរដ្ឋឆេក ដែលបាននិយាយថា ខ្លួនមានគ្រាប់រំសេវរាប់សែនគ្រាប់ដែលត្រូវបញ្ជូនទៅអ៊ុយក្រែន ប្រសិនបើមូលនិធិ ត្រូវបានធានា។ គ្រាប់ផ្លោងទាំងនោះ នឹងបំពេញឃ្លាំងស្តុករបស់អ៊ុយក្រែន ដោយសារតែកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិក នៅតែជាប់គាំងនៅក្នុងសភា បន្ទាប់ពីមានការជំទាស់ជាច្រើនខែពីគណបក្សសាធារណរដ្ឋ។
កិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសុក្រ ក៏រួមបញ្ចូលជំនួយយោធាជាង ២ពាន់លានដុល្លារពីប្រទេសហូឡង់ក្នុងឆ្នាំនេះ ក៏ដូចជាជំនួយការពារជាតិផ្សេងទៀត ក្នុងទសវត្សរ៍ក្រោយ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកហ្សេឡិនស្គី បាននិយាយថា កិច្ចព្រមព្រៀងរយៈពេលវែងនេះ នឹងគ្របដណ្តប់កិច្ចសហប្រតិបត្តិការយោធា បច្ចេកវិទ្យា នយោបាយ និងសេដ្ឋកិច្ច។
លោក RUTTEបានថ្លែងថា៖«ជាការពិតណាស់ យើងនឹងព្យាយាម ធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយអ៊ុយក្រែនក្នុងការនាំយកអ៊ុយក្រែនទៅកាន់ស្តង់ដាអង្គការណាតូ ដើម្បីជួយអ៊ុយក្រែនជាមួយនឹងការចូលជាសមាជិកសហភាពអឺរ៉ុប ដើម្បីបង្កើនល្បឿនដំណើរការនេះ»៕