មេដឹកនាំកំពូល Biden ចុះហត្ថលេខាលើ សេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក

អាមេរិក៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើវិធានការចំណាយរយៈពេលខ្លី ដែលរក្សាទីភ្នាក់ងារសហព័ន្ធឲ្យនៅដំណើរការរហូតដល់ថ្ងៃទី ៨ ខែមីនា និងវិធានការមួយទៀតរហូតដល់ថ្ងៃទី២២ ខែមីនា ជាការបញ្ចៀសផ្លូវការ នៃការបិទរដ្ឋាភិបាលដោយផ្នែក ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យស្អែកនេះ។

វិធានការនេះ ផ្តល់ពេលវេលាបន្ថែមទៀតដល់សមាជិកសភា ដើម្បីពង្រៀង និងអនុម័តវិធានការចំណាយ ដើម្បីឲ្យរដ្ឋាភិបាលសហព័ន្ធបន្តប្រតិបត្តិការ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា។ ទីក្រុង វ៉ាស៊ីនតោន បានដំណើរការលើវិធានការរយៈពេលខ្លីជាបន្តបន្ទាប់ ដូចដែលខ្លួនតែងតែធ្វើ ដោយសារតែសភា ពុំបានអនុម័តសេចក្តីស្នើច្បាប់ការចំណាយពេញមួយឆ្នាំ ឲ្យទាន់ពេលវេលា។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងទ្វេបក្ស បានទប់ស្កាត់ការបិទរដ្ឋាភិបាលដែលនឹងខាតបង់ និងអនុញ្ញាតផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់សភា ដើម្បីធ្វើការឆ្ពោះទៅរកសេចក្តីស្នើច្បាប់ផ្តល់មូលនិធិពេញមួយឆ្នាំ។ សមាជិកគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដោយផ្នែក។ ប៉ុន្តែការបោះឆ្នោតនេះ ត្រូវបានបែងចែកកាន់តែច្រើន ជាមួយនឹងគណបក្សសាធារណរដ្ឋ ដែលមាន ១១៣ សំឡេងគាំទ្រ និង ៩៧ សំឡេងប្រឆាំង។

នាសប្តាហ៍ក្រោយ សភា និងព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងទទួលយកកញ្ចប់សេចក្តីស្នើច្បាប់ចំណាយចំនួន៦ច្បាប់ ហើយបញ្ជូនទៅកាន់ប្រធានាធិបតី នៅមុនថ្ងៃទី ៨ ខែមីនា។ បន្ទាប់មកទៀត សមាជិកសភា នឹងធ្វើការដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលដែលនៅសេសសល់ ក្នុងកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី២២ ខែមីនា៕