អ៊ុយក្រែន កំពុងខ្ជះខ្ជាយអាវុធខ្លាំង បើតាមអ្នកវិភាគយោធាអាមេរិក
សហរដ្ឋអាមេរិក៖ មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ យោងតាមអ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក។
អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិក និងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំង ចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេលនៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ បើតាមការចេញផ្សាយរបស់ RT ។
តាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។
ផ្ទុយទៅវិញ មន្ទីរបញ្ចកោណជឿជាក់ថា ការប្រយុទ្ធគ្នាប្រហែលជាអូសបន្លាយដល់ឆ្នាំ២០២៤ហើយអាចលើសពីនេះ ដែលវាមានន័យថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងត្រូវបន្តគាំទ្រកងកម្លាំងរបស់គៀវបន្តទៀតជាមិនខាន៕