ការបញ្ជូនទ័ព ទៅអ៊ុយក្រែន មេដឹកនាំអឺរ៉ុប បរាជ័យក្នុងការឯកភាពគ្នា

ប៉ារីស៖ ការច្រានចោលលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោក របស់ប្រទេសអឺរ៉ុបជាច្រើន ទៅកាន់អ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទនៅទីក្រុងប៉ារីសក្នុងអំឡុងពេល ដែលលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានផ្តល់យោបល់ថាបណ្តាប្រទេសអឺរ៉ុប អាចនឹងធ្វើដូចនេះ។

លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយសមភាគីអូទ្រីស Klaudia Tanner នៅទីក្រុងវីយែន កាលពីថ្ងៃអង្គារថា “កងទ័ពថ្មើរជើង មិនមែនជាជម្រើស សម្រាប់ប្រទេសអាល្លឺម៉ង់នោះទេ” ។

លោក Tanner ក៏បានហៅការកត់សម្គាល់របស់លោក ម៉ាក្រុង ថាជាសញ្ញាគួរឱ្យព្រួយបារម្ភ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងអិចកាលពីថ្ងៃអង្គារថា “វាច្បាស់ណាស់ថា នឹងមិនមានកងទ័ពជើងគោកពីបណ្តាប្រទេសអឺរ៉ុប ឬណាតូ (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) ទៅកាន់អ៊ុយក្រែននោះទេ” ។

នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេស Visegrad Group (V4) ក៏បានបញ្ជាក់កាលពីថ្ងៃអង្គារផងដែរថា ពួកគេមិនមានគម្រោងបញ្ជូនទាហានទៅអ៊ុយក្រែននោះទេ៕