សម្ដេចតេជោសង្ឃឹមនាយករដ្ឋមន្រ្ដីថ្មីរបស់កម្ពុជា និងថៃធ្វើទំនាក់ទំនងជាមួយគ្នា ជំរុញកិច្ចសហប្រតិបត្តិការទ្វេដង

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គម Twitter បានសរសេរសារថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរកាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ សម្ដេចតេជោថ្លែងថា៖«បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ»។ សម្ដចតេជោបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត»៕