ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ របស់ក្រសួង-ស្ថាប័ននានា ចំពោះព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស
ភ្នំពេញ៖ បណ្ដាក្រសួង-ស្ថាប័ននានា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានបន្តអញ្ជើញចូលរួមមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាដែលតម្កល់នៅទីតាំងវត្តឧណ្ណាលោមក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្តមានថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នជាច្រើន បានដឹកនាំមន្ត្រីក្នុងអង្គភាពរបស់ខ្លួន និងនាំយកនូវកូរោនផ្កា ដើម្បីចូលមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលមកគោរពព្រះវិញ្ញាក្ខន្ធនៅព្រឹកនេះ ចាប់ផ្ដើមដោយវត្តមាន សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី វត្តមានក្រសួងព្រះបរមរាជវាំង ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អាជ្ញាធរសាវនកម្មជាតិ ក្រសួងយុត្តិធម៌ ក្រសួងអធិការកិច្ច រួមទាំងវត្តមានក្រសួងស្ថាប័នជាច្រើនទៀត នឹងបន្តមកគោរពព្រះសពជាបន្តបន្ទាប់នៅពេលរសៀលនេះផងដែរ។
ការរៀបចំការចូលគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស រៀបចំឡើយដោយចាប់ផ្ដើមពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ សម្រាប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងបណ្ដាអង្គភាព។ កំឡុងពេលនេះ ប្រជាពលរដ្ឋ ក៏អាចចូលគោរពព្រះវិញ្ញាណក្ខន្ធ បានដែរកំឡុងពេលទំនេរដែលពុំទាន់មាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នអញ្ជើញមកគោរព។
សម្រាប់ប្រជាពលរដ្ឋ ដែលអញ្ជើញមកគោរពព្រះវិញ្ញាក្ខន្ធនៅថ្ងៃនេះ លើកឡើងជាការសោកស្ដាយជាខ្លាំង ចំពោះការយាងចូលព្រះទិវង្គត របស់ព្រះអង្គ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត នៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ព្រះសពរបស់សម្ដេច ត្រូវរៀបចំធ្វើព្រះរាជពិធីបុណ្យ ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។ កម្មវិធីបុណ្យព្រះសពរបស់សម្ដេច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគណៈកម្មការ ដើម្បីប្រារព្ធពិធីបុណ្យឲ្យបានសមគួរ តាមព្រះឋានៈរបស់ព្រះអង្គ។
ជាការគោរព ដឹងគុណចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខ ដោយគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ និងឯកជន និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីអារាម ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល នៃដងទង់ជាតិ នៅថ្ងៃទី២៧ ហើយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃដដែលនេះ៕