នាយករដ្ឋមន្ត្រី កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន
នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម បានឯកភាពពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់។
ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញតាមរយៈសន្និសីទរួមគ្នារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
នាឱកាសសន្និសីទនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលជួយមើលថែដល់ពលករកម្ពុជា និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសម៉ាឡេស៊ី។
សម្ដេចធិបតី បានលើឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលកម្ពុជាម៉ាឡេស៊ី បានចូលរួមក្នុងកិច្ចការរក្សាសន្ដិភាព ជាមួយអង្គការសហប្រជាជាតិ (UN)។ ទន្ទឹមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើវិស័យមូស្លីមរវាងប្រទេសទាំងពីរផងដែរ។ សម្ដេចធិបតី បានជំរុញលើការពង្រឹងទំនាក់ទំនងលើវិស័យនេះបន្ថែមទៀត។
ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនាយករដ្ឋមន្រ្ដីនៃប្រទេសទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរ រួមមាន នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារ ហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពលជាដើម។
បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះសម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដោយថ្លែងសុន្ទរកថាគន្លឹះ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
សូមជម្របថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះសម្ដេចធិបតីនឹងចូលក្រាបបង្គំគាល់ព្រះចៅ ស៊ុលតង់ ស៊ីកានដា ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី នៅព្រះបរមរាជវាំង និងមានជំនួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។ ជារួមតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ីនាពេលនេះបានរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់៕