ការទប់ស្កាត់លើក្រុមហ៊ុនរបស់ខ្លួន ចិនប្រតិកម្មតបអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំពោះការពាក់ព័ន្ធនឹងរុស្ស៊ី
ចិន៖ ប្រទេសចិនប្រឆាំងដាច់ខាតនឹងការសម្រេចរបស់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន ដោយសារហេតុផលទាក់ទងនឹងប្រទេសរុស្ស៊ី នេះបើតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មចិន កាលថ្ងៃទី២៦ ខែកុម្ភៈ ។
រដ្ឋបាលអាមេរិករបស់លោក Joe Biden កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បានប្រកាសពីការទប់ស្កាត់ពាណិជ្ជកម្មថ្មីលើអង្គភាពចំនួន ៩៣ មកពីប្រទេសរុស្ស៊ី ចិន តួកគី អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង ដោយសារការគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ហើយសហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃទី២១ ខែកុម្ភៈ នូវកញ្ចប់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមទាំងទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងក្រុមហ៊ុនចិនចំនួន៣ និងក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ខណៈដែលការទប់ស្កាត់របស់ចក្រភពអង់គ្លេស ត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) ក្នុងនោះរួមមានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនអេឡិចត្រូនិកចិនចំនួន៣ ផងដែរ។
ពាក់ព័ន្ធនឹងការទណ្ឌកម្មនេះ តាមរយៈសេចក្តីថ្លែងការណ៍ចំនួន៣ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា៖ «ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន»៕