សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចរាល់នៅការិយាល័យ២០០៣ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ដំណើរការការបោះឆ្នោតបានប្រព្រឹត្ត ទៅក្នុងស្ថានភាពទៅល្អ ដោយមិនមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។
សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕