តើចាក់ដីនៅស្រីសន្ធរ ! មន្ត្រីមូលដ្ឋានបិទភ្នែក ធ្វើមិនដឹង ឬលោកទន់ ឆៃអ៊ាងដុល្លារបាំងភ្នែក?
ស្រីសន្ធរ៖ ហេតុអ្វីជិតចប់ខែកុម្ភៈ ស្រាប់តែមានការផ្ទុះការចាប់អារម្មណ៍ផ្អើលបណ្តាញសង្គម? នៅទន្លេមេគង្គ ស្រុកស្រីសន្ធរ ត្រូវបានចាក់ថ្មយ៉ាងគ្រឹកគ្រែង! អ្វីដែលគេឆ្ងល់នោះគឺ តើមន្ត្រីមូលដ្ឋាននៅស្រុកស្រីសន្ធរ ដែលជាទឹកដីសម្បុកសត្វ សម្បត្តិសុខ មួយនេះ អាជ្ញាធរមូលដ្ឋានដើរ និងជិះ បិទភ្នែក ឬក៏ដើរងើយភ្នែកឡើងលើ បានជាមើលមិនឃើញគេចាក់ថ្មចូលទន្លេមេគង្គ? ពលរដ្ឋមួយក្រុមនាំគ្នាសើច និងមួយក្រុមនាំគ្នាឆ្ងល់ ហើយមួយអន្លើទៀតនាំគ្នាបង្ហោះបង្ហាញ ដើម្បីកុំឱ្យគេបង្ហិនចំណីច្រាំងទន្លេមេគង្គ។ រីឯមួយក្រុមទៀតបន្តនាំគ្នាសួរទៀតថា តើអ្នកចាក់ថ្មនោះជានរណា? តើអាជ្ញាធរខ្លាចរអាម្នាក់នោះជាង ឬខ្លាចច្បាប់ជាង? តើអ្នកចាក់ដីនោះអាងមានលុយ អាងមានអំណាច ឬអាចមានខ្សែ?
នៅកម្ពុជាគេសង្កេតឃើញរឿងមិនទំនងជាច្រើន បានកើតឡើងនៅតាមមូលដ្ឋាន។ មូលដ្ឋាលដែលជាភ្នែកច្រមុះរបស់រដ្ឋាភិបាល ប៉ុន្តែបែរជាបិទភ្នែកមិនមើលឃើញ និងហាក់មិនចង់ដោះស្រាយភាពអសកម្មភាពនានាឱ្យបានល្អនោះទេ។ នៅស្របពេលដែលសកម្មភាពឃោសនាបោះឆ្នោតព្រឹទ្ធសភានីតកាលទី៥ កំពុងដំណើរការមិនទាន់ចប់ផង ស្រាប់តែបញ្ហាមិនគួរកើតបានកើតឡើង។ បញ្ហានោះ គឺការចាក់ថ្មចូលក្នុងទន្លេមេគង្គនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីដើមខែមករា២០២៤។ ២០២៤ជាឆ្នាំថ្មី អាណត្តិថ្មី និងមានមេដឹកនាំថ្មី គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាដុះក្អែលមន្ត្រីខិលខួច និងបានដកមន្ត្រីអសកម្មភាពជាច្រើនកៅអីចេញ។
គេមើលឃើញថា នៅក្នុងលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តកំពង់ចាម បានបរិយាយល្អិតល្អន់ពីទីតាំងចាក់ថ្ម និងសកម្មភាពចាក់ថ្មចូលទន្លេ។ ថ្មដែលបានចាក់ចូលផ្ទៃទន្លេប្រវែងជាង៥០ម៉ែត្រ(៥៥ម៉ែត្រ) និងគ្រោងចាក់បណ្តោយទន្លេប្រវែងជិត៣០០ម៉ែត្រ(២៩៤.៦) តែទើបចាក់បាន១៣០ម៉ែត្រ។ នៅក្នុងលិខិតដដែលបានសរសេរទៀតថា សកម្មភាពចាក់ថ្មនេះមិនមានលិខិតអនុញ្ញាតនោះឡើយ។ ហើយនៅក្នុងលិខិតរដ្ឋបាលខេត្តកំពង់ចាមដែលចុះថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមឱ្យចុះពិនិត្យនិងចាត់ចែងការងារ។ ហើយលិខិតធ្វើកំណត់ហេតុថ្ងៃទី១៩កុម្ភៈ ឃើញមានតំណាងឱ្យលោកទន់ ឆៃអ៊ាង ជាអ្នកផ្តិតមេដៃទទួលស្គាល់ថាបានចាក់ថ្មចូលទន្លេមេគង្គ។ ការចាក់ថ្មចូលទន្លេមេង្គទាំងកណ្តាលថ្ងៃបែបនេះ ប្រហែលអាងមានអំណាច និងខ្សែធំហើយមើលទៅ? តែអ្វីដែលពលរដ្ឋឆ្ងល់នោះថា តើលុយ កិត្តិយស អំណាចនិងច្បាប់មួយណាធំជាង? ប្រភពមួយចំនួននិយាយថាលោកទន់ ឆៃអ៊ាង មានងារ ជាឧកញ៉ានិងមានជំនួញជាច្រើនក្នុងដៃ?
តម្រាបច្ចេកបានបរិយាយពីច្បាប់ និងវិន័យបែបកីឡាថា “បើក្រុមលេងមិនល្អត្រូវហៅមេក្រុមមកណែនាំ បើមេក្រុមដឹកនាំលេងមិនល្អ ត្រូវហៅគ្រូបណ្តុះបណ្តាលមកណែនាំ។ បើមិនស្តាប់ទៀត គឺគេបណ្តេញគ្រូបង្គោលចេញ”។ ដូចគ្នាចឹងដែរ នៅតាមមូលដ្ឋានមានមន្ត្រីមួយចំនួនបិទភ្នែក ឬធ្វើមើលមិនឃើញ។ គេនាំគ្នានិយាយបែបចំអកចំអន់លេងតាមតុកាហ្វេថា មេភូមិ មេឃុំ និងមេស្រុក(អភិបាលស្រុក) គួរដកមួយណា ទុកមួយណា? តើតាស្រមូម(លុយ) ឬដែលបាំងភ្នែកមន្ត្រីមូលដ្ឋានទាំងនោះ? ឬក៏ដូចឃ្លាបុរាណបែបអ្នកស្រុកតែងនិយាយលេងថា “ឱ្យតែមានលុយប្រើខ្មោចឱ្យកិនម្សៅក៏បាន”?
យោងតាមអនុក្រឹត្យស្តីពីការគ្រប់អាងទន្លេ២០១៥ ជំពូកទី៣ មាត្រា៨ បានចែងថា ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖ ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា) ទន្លេដីចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីមាត់ច្រាំងទន្លេ គឺចាត់ទុកថាជាសម្បត្តិសាធារណៈរបស់ដ្ឋ(សូមអានអនុក្រឹត្យបន្ថែម)។ ស្រីហិតោបទេសភាគ៤ស្តីពីសន្តិភាព ទំព័រ៥២ ឆ្នាំ១៩៩៤ របស់ភិក្ខុ ប៉ាង ខាត់ បានសរសេរថា “សតិ គឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលឱ្យចេញជាប្រយោជន៍ដ៏សំខាន់១ ការដឹងប្រាកដ១ ការម៉ឺងម៉ាត់កិច្ចការងារ១ ការចេះរក្សាការប្រឹក្សាសម្ងាត់១ ទាំង៥ប្រការនេះ គឺជាគុណសម្បត្តិនៃមន្ត្រីល្អ”។ ចុះមន្ត្រីមូលដ្ឋានសព្វថ្ងៃមានគុណសម្បត្តិទាំងអស់នេះហើយឬនៅ?
ជារួមមកវិញ មន្ត្រីអាជ្ញាធរពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ និងរដ្ឋប្រៀបបាននឹងរាងកាយរបស់មនុស្សម្នាក់។ ពលរដ្ឋប្រៀបបានដូចជាសរសៃឈាម រីឯមន្ត្រីមូលដ្ឋានជាកែវភ្នែកមើលប្រាប់ណែនាំ និងដោះស្រាយហើយរដ្ឋប្រៀបបាននឹងខួរក្បាលដែលត្រូវគិតគូរគ្រប់មធ្យោបាយ ធ្វើយ៉ាងដើម្បីឱ្យប្រទេសជាតិរីកច្រើនទៅមុខបានប្រកបដោយចីរភាព និរន្តរភាព និងសន្តិភាព។ ស្រីហិតោបទេសបានពោលថា “ឫស្សីដែលដុះជាគុម្ភក្រាស់ជិតប្រកិតគ្នាចោមរោមព័ទ្ធដោយដៃឫស្សីមានបន្លាស្អេកស្កះ គឺបុគ្គលមិនអាចចូលទៅកាប់កាត់ឫស្សីនោះបានដោយងាយទេ។ យ៉ាងណាមិញរដ្ឋដែលអាចយកឈ្នះចិត្តពលរដ្ឋបាន គឺមិនអាចនរណាទៅគាស់រម្លើងបានឡើយ”។ បុរាណនិទានមួយនិយាយថា “រាស្ត្រសុខ រដ្ឋសល់ រាស្ត្រអំពល់ រដ្ឋស្មុគ្រស្មាញ រាស្ត្របំផ្លាញ រដ្ឋវេទនា”។ ម្ល៉ោះហើយរាស្ត្រនិងរដ្ឋអាចរក្សាពាក្យជាសតិមួយថា “សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់”៕