សម្ដេចធិបតី មានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គ្រូពេទ្យបានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស ដោយសម្ដេច បានមើលឃើញថា សុខភាពប្រជាពលរដ្ឋបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ដោយសារវិស័យសុខាភិបាលរបស់កម្ពុជា បានផ្ដល់សេវាល្អប្រសើរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នាកោះពេជ្រ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិតមនុស្ស ជាពិសេសពង្រឹងលើការផ្ដល់សេវាសុខាភិបាលនេះឱ្យបានល្អថែមទៀត ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងលើកទឹកចិត្តគ្រូបង្រៀន និងគ្រូពេទ្យថា ពិន្ទុពិតប្រាកដរបស់គ្រូពេទ្យ និងគ្រូបង្រៀន គឺឋិតនៅលើសិស្សបានពិន្ទុល្អក្នុងការសិក្សា អាណាព្យាបាលពេញចិត្ត និងអ្នកជំងឺពេញចិត្តក្រោយទទួលបានការព្យាបាលជាដើម។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា ក្នុងនាមជាគ្រូពេទ្យ ឬគ្រូបង្រៀន គឺគ្មានអ្វីដែលរីករាយ សប្បាយចិត្តជាងឃើញកូនសិស្ស ឬមនុស្សដែលខ្លួនបង្រៀនទទួលបានជោគជ័យ ឃើញមនុស្សដែលខ្លួនព្យាបាលបានជាសះស្បើយជួបជុំគ្រួសារនោះទេ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ បានផ្ដោតសំខាន់លើការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ និងវិស័យសុខាភិបាលរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជាឱ្យមានភាពរីកចម្រើន និងផ្ដល់សេវាសុខាភិបាលល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទាំងនៅទីក្រុង និងនៅមូលដ្ឋាន ឃុំ សង្កាត់តាមបណ្ដាខេត្តនានា៕