ចក្រភពអង់គ្លេសនឹងចំណាយ ៥,៧ពាន់លានដុល្លារ លើយានដ្រូនយោធា ឆ្លងការរៀនសូត្រពីអ៊ុយក្រែន
អង់គ្លេស៖ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រទេសនេះនឹងចំណាយប្រាក់ ៤,៥ពាន់លានផោន (៥,៧ពាន់លានដុល្លារ) ដើម្បីផ្ដត់ផ្គង់យានដ្រូនដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ បន្ទាប់ពីសង្រ្គាមអ៊ុយក្រែនបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធគ្មានមនុស្សបើកនេះ នៅក្នុងជម្លោះ។
សង្គ្រាមយានដ្រូនបានចាប់ផ្ដើមឡើងក្នុងនាមជាសមរភូមិមុខដ៏សំខាន់រយៈពេល ២ឆ្នាំ ក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ហើយភាគីទាំង២ កំពុងខិតខំដើម្បីមានប្រៀបខាងបច្ចេកវិទ្យា។ យានដ្រូន ឬយានលើអាកាសគ្មានមនុស្សបើក (UAV) មានតម្លៃថោកក្នុងការផលិត ហើយអាចឃ្លាំមើលសកម្មភាពរបស់សត្រូវ និងទម្លាក់អាវុធយុទ្ធភណ្ឌបានយ៉ាងត្រឹមត្រូវច្បាស់លាស់។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានប្រាប់ថា ការវិនិយោគថ្មីនេះនឹងពន្លឿនដល់ការបញ្ជូនយានដ្រូនទៅកាន់កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងវិស័យស៊ើបការណ៍សម្ងាត់ ឈ្លបយកការណ៍ ការឃ្លាំមើល ការវាយប្រហារ និងភស្តុភារ៕