ស្ថិតក្នុងតំបន់អំណោយផលដល់ជីវិត ជាភពថ្មីមួយទៀតបានរកឃើញ

រកឃើញផែនដីយក្សមួយទៀត ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន និងវិលជុំវិញផ្កាយមេដែលមានចម្ងាយពីព្រះអាទិត្យ 137 ឆ្នាំពន្លឺ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញភពថ្មីនេះ តាមរយៈការប្រើប្រាស់ផ្កាយរណបតេឡេស្កុប TESS របស់ណាសា។ ភពខាងលើដែលត្រូវបានដាក់ឈ្មោះឱ្យថា TOI-715b វិលជុំវិញកូនផ្កាយក្រហមមួយដួង មានទំហំតូចជាងព្រះអាទិត្យរបស់មនុស្ស។

យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានខាងលើត្រូវបានប្រកាសលើទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។

TOI-715b ធំជាងផែនដី 1.5 ដង ហើយមួយឆ្នាំរបស់វាគឺមានតែ 19 ថ្ងៃ។ TOI-715b ស្ថិតនៅក្បែរផ្កាយមេរបស់វា ដែលនេះ អនុញ្ញាតឱ្យទឹកមានសភាពរាវ ដែលជាអំណោយផលល្អដល់ការកកើតជីវិត។

ឆាប់ៗខាងមុខនេះ អ្នកស្រាវជ្រាវឱ្យដឹងថា ភព TOI-715b នឹងត្រូវបានសង្កេតដោយតេឡេស្កុបអវកាស James Webb ហើយបរិយាកាសរបស់វានឹងត្រូវបានបញ្ជាក់៕