សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា ដរាបណាសម្ដេចនៅជានាយករដ្ឋមន្រ្ដីនឹងមិនអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជាដាច់ខាត
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ជាថ្មីថា ដរាបណា សម្ដេចនៅធ្វើជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះទេ។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា«បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់លើកទី៩» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយណា ដែលមានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា សូមកុំចាំបាច់ចំណាយពេលធ្វើដំណើរមកកម្ពុជានាំខាតពេលវេលា ពីព្រោះសម្ដេចនឹងមិនអនុញ្ញាតឱ្យវិនិយោគដាំកញ្ឆានៅកម្ពុជាឡើយ។
នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងនូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា លើបញ្ហាគ្រឿញៀននេះដល់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងដែលត្រូវយកចិត្តទុកដាក់ធ្វើការដោះស្រាយ៕