ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតលើកឡើងថា ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន
បរទេស៖ នៅលើបណ្តាញសង្គម Telegram សេចក្តីថ្លែងការណ៍មួយពីសេវារដ្ឋនៃទំនាក់ទំនងពិសេស និងការការពារព័ត៌មាននៃប្រទេសអ៊ុយក្រែនដែលបានបង្ហោះ កាលថ្ងៃទី១៨ ខែកុម្ភៈ បានឲ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី បានវាយប្រហារប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើន ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។
សេចក្តីថ្លែងការណ៍ បានដាក់ឈ្មោះថា Ukrainska Pravda, Liga.net, Apostrophe និង Telegraf ជាប្រព័ន្ធផ្សព្វផ្សាយ ដែលរងផលប៉ះពាល់ដោយការវាយប្រហារនេះ។
កាលពីល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ សារព័ត៌មាន Ukrainska Pravda បានរាយការណ៍ថា គណនីរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ត្រូវបានគេលួចចូល ហើយព័ត៌មានមិនពិតអំពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបង្ហោះដោយគណនីនេះ។
ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតករណីនេះ ហើយបានសួរអ្នកដែលសង្ស័យថា ពួកគេត្រូវគេយកជាគោលដៅ ដើម្បីទំនាក់ទំនង។
កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែធ្នូ ការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា បានវាយប្រហារទៅលើក្រុមហ៊ុនទូរគមនាគមន៍អ៊ុយក្រែន Kyivstar និង Monobank ដែលជាធនាគារដ៏ធំបំផុតមួយរបស់អ៊ុយក្រែន។ ក្រុម ចោរព័ត៌មានវិទ្យារុស្ស៊ី ដែលមានឈ្មោះថា Solntsepek បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕