តោះយល់ដឹងពី QR-Code

QR-code គឺជាប្រភេទបាកូដដែលអាចអានបានយ៉ាងងាយស្រួលដោយប្រើប្រាស់ឧបករណ៍ឌីជីថលហើយរក្សាទុកព័ត៌មានជាស៊េរីភីកសែលក្នុងក្រឡាចត្រង្គរាងការ៉េ ត្រូវបានបង្កើតឡើងដំបូងបង្អស់ក្នុងឆ្នាំ 1994 ដោយក្រុមហ៊ុនជប៉ុន Denso Wave ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota។ QR Code ក៏អាចត្រូវបានចាត់ទុកថាជាឧបករណ៍ផ្ទុកទិន្នន័យផងដែរ ដោយនៅពេលដែលអ្នកប្រើប្រាស់ស្កែនដោយប្រើកម្មវិធីអាន QR Code អ្នកនឹងទទួលបាន មាតិកាដែលមាននៅក្នុង QR Code នោះភ្លាមៗ។ មាតិកាទាំងនេះរួមមាន តំណភ្ជាប់ទៅគេហទំព័រ ទៅទីតាំងភូមិសាស្ត្រ ព័ត៌មានសម្ងាត់ភ្ជាប់ Wi-Fi ឬការបង់ប្រាក់តាមសេវាកម្មធនាគារជាដើម។

តើប្រភេទ QR Code មានអ្វីខ្លះ?

QR-code ត្រូវបានប្រើសម្រាប់គោលបំណងផ្សេងៗគ្នា ហើយរូបភាព QR Code ជាច្រើនប្រភេទត្រូវបានបង្កើតឡើង ដើម្បីអនុវត្តសកម្មភាពផ្សេងៗតាមរយៈស្មាតហ្វូន។ ប្រភេទ QR Code ទូទៅ រួមមាន:

  • QR Code Model 1 និង Model 2៖ គឺប្រភេទ QR Code ធម្មតាដែលអ្នកនឹងជួបប្រទះនៅក្នុងហាងទំនិញ ហាងកាហ្វេនិងខិត្តប័ណ្ណពាណិជ្ជកម្មជាដើម។ គេប្រើវាសម្រាប់ផ្ទុកទីតាំង Google Map, ឯកសារ PDFs, តំណភ្ជាប់ទៅវេបសាយ (URLs) និង vCards ឬនាមប័ណ្ណអេឡិចត្រូនិច។ QR Code ម៉ូឌែល 1 អាចផ្ទុកលេខបាន 1,167 តួ ខណៈម៉ូឌែល 2 អាចផ្ទុកបានដល់ទៅ 7,089 តួ។
  • Micro QR Code៖ ជា QR Code មានខ្នាតតូចជាង QR Code ធម្មតា ដែលផ្ដល់ជាភាពងាយស្រួលក្នុងការបោះពុម្ពលើផ្ទៃតូចៗ។ វាអាច​បំប្លែង​អក្សរ ឬ​លេខ​ដែល​មាន​ប្រវែង​រហូត​ដល់ 2,335 តួ ហើយ​ជា​ធម្មតា​ត្រូវ​បាន​ប្រើ​លើ​សំបក​វេចខ្ចប់​អាហារជាដើម។
  • Data Matrix៖ Data Matrix QR Code គឺជា QR Code ដែលផ្ទុកទិន្នន័យជាលេខឬអក្សរបាន 1,556 បៃ និង 2,335 តួអក្សរ។
  • iQR Code៖ គឺជាប្រភេទ QR Code ដែលអាចមានរាងជាការ៉េ ឬជាចតុកោណ និងមានបោះពុម្ពទម្រង់កូដតូចជាង QR Code ធម្មតា ដែលអាចផ្ទុកទិន្នន័យច្រើនជាង QR Code ធម្មតាក្នុងទំហំផ្ទៃដូចគ្នា (លេខ 40,000តួ) ។
  • HCC2D Code ៖ គឺជាប្រភេទ QR Code ដែលប្រើប្រាស់ពណ៌បន្ថែមលើសនិងខ្មៅដើម្បីផ្ទុកទិន្នន័យ។

អត្ថប្រយោជន៍នៃ QR Code

QR Code ភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • មានភាពងាយស្រួលក្នុងការដាក់តាំងបង្ហាញនៅកន្លែងសាធារណៈ ដូចជាក្នុងហាង គេហទំព័រ ឬនៅក្នុងផ្ទាំងផ្សព្វផ្សាយ
  • ស្មាតហ្វូនភាគច្រើនមានមុខងារស្កេន QR Code ស្រាប់
  • អ្នកអាចរចនា QR Code បានដោយបន្ថែមឡូហ្គោរបស់អ្នក និងប្ដូរពណ៌
  • QR Code អាចផ្ទុកតួអក្សរច្រើនជាង barcode
  • ម៉ាស៊ីនបង្កើត QR Code មួយចំនួនមានសមត្ថភាពក្នុងការតាមដានសកម្មភាពស្កេន និងសូម្បីតែទីតាំង GPS នៃការស្កេនផងដែរ
  • ងាយស្រួលក្នុងការរៀបចំ ហើយនិងរហ័ស មិនចាំបាច់មានម៉ាស៊ីនស្កែនធំយួរដៃទេ។

ហានិភ័យនៃការប្រើប្រាស់ QR Code

QR Code ត្រូវបានសង្កេតឃើញថាមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែភាពពេញនិយមនៃការប្រើប្រាស់ QR Code នេះក៏បង្កជាហានិភ័យសុវត្ថិភាពផងដែរ។ ជាឧទាហរណ៍ ឧក្រិដ្ឋជនសាយប័រអាច ជំនួស QR Code ដើមដោយ QR Code ទុច្ចរិតរបស់គេដើម្បីបញ្ជូនអ្នកប្រើប្រាស់បន្តទៅកាន់វេបសាយដែលមានគំនិតអាក្រក់ ក្នុងគោលបំណងលួចទិន្នន័យឬព័ត៌មានការទូទាត់របស់អ្នកប្រើប្រាស់។

វិធានការបង្ការ/សុវត្ថិភាព

  • ចៀសវាងស្កេន QR Code ដែលអ្នកមិនទុកចិត្ត ឬអ្នកមិនប្រាកដ
  • នៅពេលស្កេន QR Code សូមផ្ទៀងផ្តាត់ដោយពិនិត្យមើលឈ្មោះនិងលេខគណនី មុននឹងទូទាត់ប្រាក់
  • យកចិត្តទុកដាក់ក្នុងការដំឡើងកម្មវិធីកំចាត់មេរោគល្អនៅលើឧបករណ៍ឌីជីថល ដើម្បីការពារខ្លួនអ្នកពីមេរោគដែលអាចកើតមានឡើង
  • បដិសេធបុគ្គលដែលអ្នកមិនស្គាល់នៅពេលគេស្នើសុំអោយអ្នកស្កេន QR Code
  • រាយការណ៍ទៅកាន់អ្នកពាក់ព័ន្ធនៅពេលមានករណីមានការបោកប្រាស់តាមរយៈ QR Code ។