អាជ្ញាធរខណ្ឌដូនពេញចុះត្រួតពិនិត្យ ទីតាំងសង្ស័យមានបង្កប់ល្បែងស៉ីសង ក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទីតាំងដែលសង្ស័យមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ក្នុងករណីរកឃើញមានបើកល្បែងស៊ីសង និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមានការលើកលែងនោះឡើយ។

ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដឹកនាំផ្ទាល់ដោយលោក អភិបាលខណ្ឌ បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ស្តីពីការត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងខុសច្បាប់គ្រប់ប្រភេទនៅព្រឹកមិញនេះផងដែរ។

លោក ជា ខេមា ប្រធានគណបញ្ជាការឯកភាពខណ្ឌដូនពេញ និងជាអភិបាលខណ្ឌ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា កម្លាំងអាជ្ញាធរខណ្ឌនិងចុះត្រួតពិនិត្យជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងករណីកម្លាំងអាជ្ញាធរខណ្ឌរកឃើញមានទីតាំងបង្កប់ល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទ ឆ្នោតឡូតូ នោះលោកនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។

បន្ថែមទៀតនោះលោកបានប្ដេជ្ញានិងគាំទ្រនៅប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីយ៉ាងពេញទំហឹងក្នុងការបង្ក្រាបនិងបញ្ឈប់នៅល្បែងស៉ីសងផ្សងសំណាងគ្រប់ភេទ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលល្បែងស៊ីសងនេះជាប្រភពនៃអំពើលួចឆក់ប្លន់ ជាដើម។

ចុងក្រោយលោកអភិបាលខណ្ឌបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ បើដឹងថាមានទីតាំងណាមួយមានបើកបង្កប់ល្បែងស៊ីសងសូមរាយការណ៍បន្ទាន់មកអាជ្ញាធរនិងចុះបង្ក្រាបបានទាន់ពេលវេលា៕