លោក Musk ផ្តល់ការរកប្រាក់កម្រៃពីព័ត៌មានប្រឌិត ក្នុងសម័យសង្រ្គាម លើបណ្ដាញសង្គម X
អ្នកស្រាវជ្រាវ៖ កំពុងរកបានប្រាក់កម្រៃពីព័ត៌មានមិនពិត អំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា សម្រាប់បណ្ដាបុគ្គលមានឥទ្ធិពលនៅលើបណ្ដាញសង្គម X ដោយទាញយកប្រយោជន៍ពីគោលនយោបាយដ៏ចម្រូងចម្រាសរបស់វេទិកា ដែលអ្នកស្រាវជ្រាវនិយាយថា ផ្តល់អាទិភាពដល់ជម្លោះជាងភាពត្រឹមត្រូវ។
គិតចាប់តាំងពីលោក Elon Musk ទិញយកបណ្ដាញសង្គម X (ពីមុនជា Twitter) ក្នុងសភាពច្របូកច្របល់ កាលពីឆ្នាំ២០២២ បណ្ដាញសង្គមនេះបានទាញយកមកវិញនូវគណនីរាប់ពាន់ ដែលធ្លាប់ត្រូវបានហាមឃាត់ ហើយបានដាក់ចេញនូវប្រព័ន្ធផ្ទៀងផ្ទាត់បង់ប្រាក់ដែលអ្នករិះគន់និយាយថា បានជំរុញដល់អ្នកទ្រឹស្តីនិយមសមគំនិតទុច្ចរិត។
បណ្ដាញសង្គម X ក៏បានដាក់ចេញនូវកម្មវិធីបែងចែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម សម្រាប់អ្នកប្រើប្រាស់ដែលត្រូវបានផ្ទៀងផ្ទាត់ ដោយម្ចាស់គណនីទាំងនោះជារឿយៗផ្សព្វផ្សាយនូវព័ត៌មានស្អប់ខ្ពើម និងមិនត្រឹមត្រូវ ដើម្បីរកប្រាក់ចំណេញពីវេទិកានេះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រឆាំងការស្អប់ឌីជីថល (CCDH) លោក Imran Ahmed បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «សព្វថ្ងៃនេះ អ្នកសរសេរគំនិតផ្ទុយគំនិតអាក្រក់ដែលបង់ប្រាក់ដើម្បីប្រើប្រាស់ មានចេតនាអុជអាលឲ្យកើតការខឹងសម្បា ក្នុងគោលបំណងឲ្យមានការចូលរួមលេងវេទិការបស់លោក Musk ដើម្បីឲ្យពួកគេកាន់តែល្បី ហើយបន្ទាប់មកបន្ថែមប្រាក់ចំណូលឲ្យពួកគេតាមរយៈទស្សនៈរបស់ខ្លួន»។
បណ្ដាញសង្គម X បានឃើញពីការប្រឌិតព័ត៌មានមិនពិតយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីសង្រ្គាមដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបង្កឡើងដោយអ្នកមានឥទ្ធិពលរបស់សហរដ្ឋអាមេរិកដ៏លេចធ្លោ ដូចជាលោក Jackson Hinkle ជាដើម ដែលកាលពីខែមុន បានអះអាងមិនពិតនូវវីដេអូ ដែលបង្ហាញថា អ៊ីរ៉ង់ទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាអាមេរិក នៅប្រទេសអ៊ីរ៉ាក់។
ការបង្ហោះបង្កជាភ្លើងនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពរំជើបរំជួលកាន់តែធំទៅៗ នៅតំបន់មជ្ឈិមបូព៌ា៕