គួរធ្វើបែបណាដើម្បីមានលុយត្រៀមចូលនិវត្តន៍?

តើធ្លាប់គិតទេ ថាខ្លួនយើងកាន់តែចាស់ ស្របពេលកូនៗយើងកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ យើងបានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ ចង់ឲ្យបានរៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ ឬចេញរកស៊ី ឬមានគ្រួសារក៏ចេញបាត់ពីយើង? សួរថាតើ យើងត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាមាតាបិតាតើយើងអាចជួយអ្វីសម្រាប់ខ្លួនឯងដើម្បីមានលុយសល់ពេលចូលនិវត្តន៍បានលឿន?
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនជាការចែករំលែកគ្នាទៅវិញទៅមក អាចយកទៅជួយលោកអ្នក ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖

បើកចិត្តសន្ទនាៈ ពេលខ្លះក្នុងគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅប្តី-ប្រពន្ធមកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនយើងថានៅក្នុងកម្រិតណា ហើយត្រូវបង្ហាញថាគ្រប់គ្នាពិតជាបារម្ភ និងចង់ជួយខ្លួនឯងចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។
គិតលេខឲ្យអស់ៈ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ ដូចនេះត្រូវនិយាយគ្នា និងគិតលេខឲ្យ អស់ដោយផ្តើមសួរសំណួរដូចខាងក្រោម៖

  • រាល់ថ្ងៃ ប្តី-ប្រពន្ធរកចំណូលបានប៉ុន្មាន?
  • ប្តី-ប្រពន្ធមានទ្រព្យសកម្មអ្វីខ្លះ?
  • ប្តី-ប្រពន្ធមានប្រាក់សន្សំប៉ុន្មាន?
  • ប្តី-ប្រពន្ធមានប្រាក់ចូលនិវត្តន៍ឬនៅ? (ភាគច្រើនបើជាមន្ត្រីរាជការតែងតែមានប្រាក់ចូលនិវត្តន៍)
  • តើប្តី-ប្រពន្ធមានជាប់បំណុលឬអត់? ចំនួនប៉ុន្មាន? បន្ទាប់មកអ្នកទាំងអស់គ្នាអាចពិនិត្យមើលលើចំណាយជាក់ស្ដែងប្រចាំខែដូចជា៖ ថ្លៃទឹកភ្លើង ម្ហូបអាហារ ថ្លៃធ្វើដំណើរ ថ្លៃកម្សាន្ត ថ្លៃថ្នាំពេទ្យ ជាដើម។

រៀបចំផែនការចូលនិវត្តន៍ៈ បន្ទាប់ពីយល់ពីស្ថានភាពហិរញ្ញវត្ថុហើយ ប្តី-ប្រពន្ធប្រាកដយល់បាននូវលំហូរសាច់ប្រាក់ក្នុងគ្រួសារខ្លួនជាក់ជាមិនខាន។

  • ប្រសិនបើប្តី-ប្រពន្ធអាចមានលទ្ធភាពចូលនិវត្តន៍បានលឿនជារឿងល្អបំផុត ប៉ុន្តែក៏អាស្រ័យថាពួកគាត់ចង់ចូលនិវត្តន៍ឥឡូវឬក៏អត់? ព្រោះថាប្តី-ប្រពន្ធខ្លះគាត់ក៏មិនចង់នៅតែផ្ទះដែរ អាចថាអផ្សុកឬមិនទម្លាប់ក៏ថាបាន។
  • ប្រសិនបើប្តី-ប្រពន្ធមានប្រាក់សន្សំសមរម្យ តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចូលនិវត្តន៍បានលឿនតែម្ដងនោះទេ អាចធ្វើការចូលនិវត្តន៍ពាក់កណ្ដាលសិនបាន។ ឧទាហរណ៍៖ ប្រសិនបើពួកគាត់ម្នាក់ៗមានរបរ ២ កន្លែង អាចកាត់បន្ថយរបរមកត្រឹម ១វិញ ដែលអាចផ្ដល់ចំណូលគ្រប់គ្រាន់សម្រាប់ចំណាយ ហើយសល់លុយសន្សំសម្រាប់ចូលនិវត្តន៍។
  • ប្រសិនបើប្តី-ប្រពន្ធមិនមានប្រាក់សន្សំ ឬមិនមានផែនការចូលនិវត្តន៍ទេ នេះហើយជាពេលពួកគាត់គិតថា ត្រូវចាប់ផ្តើមគិតពីផែនការចូលនិវត្តន៍ពីឥឡូវនេះទៅដោយគ្មានពាក្យថាចាំស្អែក។

ជួយប្តី-ប្រពន្ធបានចូលនិវត្តន៍ៈ វិធីដែលអាចជួយពួកពួកគាត់មានដូចខាងក្រោម៖

  • បើមានបំណុល ជួយពិនិត្យមើលឡើងវិញលើលក្ខខណ្ឌ ឬការប្រាក់នានា ជួនកាលពួកគាត់មិនសូវដឹងព័ត៌មានអំពីកម្ចីឲ្យបានទូលំទូលាយនោះទេ តែថាបុគ្គលខ្លះអាចឆែកតាមអ៊ីនធឺណេត ឬអានអត្ថបទពីការចាត់ចែងលុយកាក់នោះពួកគាត់យល់ថាអ្វីទៅជាទ្រព្យ អ្វីទៅជាបំណុល?
  • កាត់បន្ថយចំណាយណាដែលមិនចាំបាច់ ចៀសវាងការចាយវាយខ្ជះខ្ជាយ។
  • បើមានលទ្ធភាពរកចំណូលហើយ គួរចេះសន្សំ សន្សំបែបវិនិយោគ សន្សំលើធានារ៉ាប់រង…។
  • គួរគិតលើការទិញធានារ៉ាប់រងណាដែលសាកសម។
  • គួរមានប្រាក់សន្សំសម្រាប់គ្រាអាសន្ន អាចថាពេលមានជម្ងឺត្រូវព្យាបាលដែលត្រូវចំណាយច្រើន ជាដើម។
  • ឧស្សាហ៍និយាយជាមួយគ្នាពីបញ្ហាឆបោកផ្សេងៗ ព្រោះមានករណីឆបោកជាច្រើនលើផ្នែកហិរញ្ញវត្ថុ ហើយប្តីឬប្រពន្ធអាចហ្នឹងឆាប់ក្លាយជាជនរងគ្រោះក៏ថាបាន។
  • ចុងក្រោយ ប្តី-ប្រពន្ធគួរចេះនាំដើរលេងលំហែរខ្លះផង កុំរកលុយបានដើរលេងសើចសប្បាយតែខ្លួនឯង ឬជាមួយមិត្តភក្តិ ព្រោះពេលវេលានៅជិតគ្នាមិនប្រាកដថាបានយូរប៉ុន្មានឡើយ ហេតុនេះសាងក្តីល្អឲ្យគ្នាទៅវិញទៅមកដើម្បីការចង់ចាំគ្នាលុះថ្ងៃអវសានរៀងៗខ្លួន។
  • ខាងលើនេះ ជាវិធីសាស្ត្រមួយចំនួនអាចយកទៅពិចារណា និងអនុវត្តបាន។