សម្ដេចធិបតី នាយករដ្ឋមន្ត្រីឲ្យក្រសួងអធិការកិច្ច រៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមអនឡាញ សំដៅបង្ខិតសេវាឲ្យកៀកពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធអនឡាញ សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទ ឲ្យកាន់កៀកទៅនឹងប្រជាពលរដ្ឋ ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីថ្លែងថា ក្រសួងអធិការកិច្ច ត្រូវបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន បន្ថែមទៀត ដោយផ្តោតលើ ៖
១-កសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រី ឲ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសម ជាទីពឹងរបស់ប្រជាពលរដ្ឋ
២-ពង្រឹងការអនុវត្តតួនាទី អធិការកិច្ចឲ្យបានទូលំទូលាយ ស្មើភាព និងមិនរើសអើង ប្រកបដោយភាពម៉ឺងម៉ាត់ ដោយផ្អែកលើច្បាប់ជាធំ តាមអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់»
៣-ពង្រឹងយន្តការតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងបទបញ្ជា ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ វឌ្ឍនភាព សមិទ្ធកម្ម និងធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ និង
៤-បន្តពង្រឹងយន្តការ ដោះស្រាយបណ្ដឹង របស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយរៀបចំវិធីសាស្ត្រងាយស្រួល សម្រាប់ទទួលពាក្យបណ្ដឹង តាមរយៈការបង្កើតការិយាល័យ ទទួលពាក្យបណ្តឹងនៅតាមមន្ទីរអធិការកិច្ច រាជធានី-ខេត្ត ។

សម្ដេចគូសបញ្ជាក់ថា «ជាមួយគ្នានេះ ក្រសួងអធិការកិច្ច ត្រូវរៀបចំប្រព័ន្ធទទួលពាក្យបណ្ដឹង តាមប្រព័ន្ធ អនឡាញ ដែលបង្កភាពងាយស្រួល ដល់ការដាក់ពាក្យបណ្ដឹងទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកៀកនឹងប្រជាពលរដ្ឋ»។

ក្នុងទស្សនៈ«អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» សម្ដេចធិបតីក៏បានស្នើគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពសាធារណៈទាំងអស់ ត្រូវចូលរួមសហការបានល្អក្នុងការងារអធិការកិច្ចដ៏មានសារៈសំខាន់នេះ ស្របតាមពាក្យស្លោករបស់សម្តេចតេជោ «អធិការកិច្ចជាភ្នែក ជាត្រចៀក របស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» ដែលពាក្យស្លោកនេះ គួរត្រូវប្រើប្រាស់ជាបេសកកម្ម របស់ក្រសួងអធិការកិច្ច ក៏ដូចជា បេសកកម្មរបស់អង្គភាពអធិការកិច្ចថ្នាក់ក្រោម ដើម្បីជួយថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់បានឃើញ និងបានឮ សម្រាប់យកមកពិចារណា ដោយស្តាប់ឲ្យច្បាស់ សម្លឹងឲ្យឆ្ងាយ និងវិនិច្ឆ័យត្រឹមត្រូវ ៕