លោក Biden ប្រើ TikTok ជាយុទ្ធនាការបោះឆ្នោតឡើងវិញ ដើម្បីជំរុញអ្នកបោះឆ្នោតវ័យក្មេង

អាមេរិក៖ លោក Joe Biden បានចូលរួមក្នុងកម្មវិធីវីដេអូទម្រង់ខ្លីរបស់បណ្ដាញសង្គម TikTok លើយុទ្ធនាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃម្សិលមិញ ដោយប្រើប្រាស់លីគ Super Bowl របស់កម្មវិធីប្រកួត NFL (ការប្រកួតអាមេរិកាំងហ្វូតបលអាជីពនៅសហរដ្ឋអាមេរិក) ដើម្បីចាប់ផ្តើមគណនីថ្មីរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតវ័យក្មេង នៅមុនការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកាខាងមុខ។

នៅលើបណ្ដាញ TikTok ការបើកដំណើរការយុទ្ធនាការនេះឡើង គឺគួរឲ្យកត់សម្គាល់ដោយសារតែកម្មវិធីនេះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្សរបស់ចិន ByteDance កំពុងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងសហរដ្ឋអាមេរិក ដោយសារមានកង្វល់ពីសន្តិសុខជាតិដែលអាចកើតមាន។ សមាជិកសភាអាមេរិកមួយចំនួនបានអំពាវនាវជាយូរមកហើយឲ្យហាមឃាត់កម្មវិធីនេះ ដោយសារបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើទិន្នន័យអ្នកប្រើប្រាស់ ឬមានឥទ្ធិពលលើអ្វីដែលមនុស្សឃើញនៅលើកម្មវិធីនេះ។

ថ្វីបើយ៉ាងនេះក្ដី បណ្ដាញសង្គម TikTok បានអះអាងថា ខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលចិនទេ ហើយបានចាត់វិធានការជាច្រើន ដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់របស់ខ្លួន។

វីដេអូដែលបានបង្ហោះដោយគណនី Biden-Harris HQ TikTok បង្ហាញឲ្យឃើញពីលោក Biden ឆ្លើយសំណួរលឿនៗ ដូចជាថា តើលោកគាំទ្រក្រុម Kansas City Chiefs ឬក្រុម San Francisco 49ers នៅក្នុង Super Bowl ហើយថាតើលោកកំពុងមើលការប្រកួត ឬការផ្សាយពាណិជ្ជកម្មដែរ ឬទេ? លោក Biden និយាយបែបលេងសើចថា លោកនឹងមានបញ្ហាជាមួយភរិយារបស់លោក ប្រសិនបើលោកមិននិយាយពីក្រុម Philadelphia Eagles ហើយថា លោកកំពុងមើលការប្រកួតនោះ៕