ជំនួយថ្មីពីលោកខាងលិចបើគ្មានទេនោះ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន នឹងថមថយចុះ

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន លើសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ក្នុងការស្ទាក់ចាប់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ត្រូវបានគេព្យាករណ៍ថានឹងថយចុះ លុះត្រាតែប្រទេសនេះទទួលបានការផ្គត់ផ្គង់អាវុធបន្ថែមពីប្រទេសលោកខាងលិច។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានស្នើម្តងហើយម្តងទៀត ដល់មេដឹកនាំប្រទេសលោកខាងលិច សម្រាប់ជំនួយយោធាថ្មី ដើម្បីធ្វើឲ្យប្រសើរប្រព័ន្ធការការពារដែនអាកាស របស់ប្រទេសលោក។

ថ្វីបើយ៉ាងជាណាក្តី សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ពុំទាន់បានបញ្ជូនជំនួយថ្មីដល់ទីក្រុងគីវនៅឡើយទេ ដោយសារភាពជាប់គាំងនៅក្នុងសភាជុំវិញសេចក្តីស្នើច្បាប់ថវិកាសង្គ្រោះបន្ទាន់ ដែលរួមមានទាំងជំនួយដល់អ៊ុយក្រែន។

មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានវាយតម្លៃថា អ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ដើម្បីបន្តរហូតដល់ខែក្រោយ លុះត្រាតែទទួលបានការផ្គត់ផ្គង់ឡើងវិញ បើតាមការរាយការណ៍ពីសារព័ត៌មាន The New York Times ។

វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបង្កើនយុទ្ធនាការវាយប្រហាររបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទំនងជាដាក់សម្ពាធបន្ថែមទៀតទៅលើឆ័ត្រការពារដែនអាកាសរបស់អ៊ុយក្រែន។ វិទ្យាស្ថាននេះបានព្រមានថា បើសិនយោធារុស្ស៊ី ធ្វើប្រតិបត្តិការដែនអាកាសទ្រង់ទ្រាយធំ ដែលគាំទ្រការវាយលុកតាមជើងគោករបស់រុស្ស៊ី នៅអ៊ុយក្រែន នោះនឹងបង្ហាញពីការគំរាមកំហែងខ្លាំងចំពោះអ៊ុយក្រែន។

លោក Zelenskyy កាលពីថ្ងៃអាទិត្យ បានតែងតាំងអតីតអនុរដ្ឋមន្ត្រីការពារជាតិទីមួយ លោក អូឡេកសានឌឺ ប៉ាវលីក(Oleksandr Pavliuk) ជាមេបញ្ជាការថ្មីរបស់កងកម្លាំងទ័ពជើងគោកអ៊ុយក្រែន៕