លោក Blinken ធ្វើដំណើរទស្សនកិច្ច ទៅកាន់តំបន់ West Bank រងការតវ៉ាពីប្រជាជនប៉ាឡេស្ទីន

បរទេស៖ ការធ្វើបាតុកម្មនៅទីក្រុងរ៉ាម៉ាឡា(Ramallah) របស់ប្រជាជនប៉ាឡេស្ទីនមួយក្រុម កាលពីថ្ងៃម្សិលមិញ ប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទៅកាន់តំបន់ West Bank ។

លោក Blinken បានជួបជាមួយ លោក ម៉ាមូត អាបាស់ (Mahmoud Abbas) ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។ លោក ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលោក អ៊ីសាក ហឺហ្សុក (Isaac Herzog) កាលពីពេលមុននេះ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានស្នើឡើងដោយក្រុមហាម៉ាស ជាក្រុមឥស្លាមនិយមគ្រប់គ្រងតំបន់ហ្កាហ្សាដែលត្រូវបានបិទផ្លូវ។ ការផ្តល់ឲ្យរបស់ក្រុមហាម៉ាស ជាខ្លឹមសារដែលត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងារសារព័ត៌មាន Reuters គឺជាការឆ្លើយតបទៅនឹងសំណើពីពេលមុន ដែលធ្វើឡើងដោយប្រមុខចារកម្មរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានបញ្ជូនទៅកាន់ក្រុមហាម៉ាស កាលពីសប្តាហ៍មុន ដោយអ្នកសម្របសម្រួលមកពីប្រទេសកាតា និងអេហ្ស៊ីប។

ការវាយលុកតាមដែនអាកាស និងជើងគោក របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៧.៥០០នាក់ បណ្តាលឲ្យប្រជាជនតំបន់ហ្កាហ្សាភាគច្រើននៃចំនួនប្រជាជន ២,៣ លាននាក់ភៀសខ្លួនចេញពីលំនៅឋាន និងបានស្ថិតនៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរ ដែលត្រូវបានរារាំង និងជួបមហន្តរាយមនុស្សធម៌ ជំរុញឱ្យមានការចោទប្រកាន់ពីប្រទេសអាហ្វ្រិកខាងត្បូងពីបទប្រល័យពូជសាសន៍ដែលត្រូវបានបដិសេធដោយអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ។

អ៊ីស្រាអែលនិយាយថា គោលដៅរបស់ខ្លួន គឺកម្ទេចក្រុមហាម៉ាស ដែលបានដឹកនាំការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ទៅលើទីក្រុងនានា និងមូលដ្ឋានយោធានៅភាគខាងត្បូងរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បណ្តាលមនុស្ស ១.២០០នាក់ស្លាប់ និង ២៥៣ នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ៕