ប្រធានសភាថៃមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកម្ពុជា-ថៃ បានពង្រឹង-ពង្រីកបន្ថែមតាមរយៈទស្សនកិច្ចរបស់សម្ដេចធិបតី

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ បន្ទាប់ពីឯកឧត្តម សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ ឯកឧត្តមប្រធានរដ្ឋសភាក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ ហើយឯកឧត្តមបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។

ជាការឆ្លើយតបសម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ជាពិសេស ការដំឡើងកម្រិតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ពី ”ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍នូវវត្តមាននៃឯកឧត្តមប្រធានរដ្ឋសភា នៅព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។ សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា ហើយសម្ដេចធិបតីមានជំនឿជាក់ថា ឯកឧត្តមប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀតជាមួយនឹង សម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខនេះ ៕