អាមេរិក រងការចោទប្រកាន់ពី ស៊ីរី លើបទលួចយកប្រេង និងគ្រាប់ធញ្ញជាតិ
ស៊ីរី៖ កងកម្លាំងសហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការរបស់ពួកគេ ដើម្បីលួចទ្រព្យសម្បត្តិជាតិរបស់ស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្សាយកាលពីថ្ងៃម្សិលមិញ។
សារព័ត៌មានរដ្ឋ SANA បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថាបានរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសតាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយនិយាយថាពួកគេបានដឹកជញ្ជូនរថក្រោះ និងស៊ីទែនប្រេងចំនួន១៦០ គ្រឿងដែលផ្ទុកដោយធនធានដែលបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
តាមការដកស្រង់ប្រភពនានាក្នុងស្រុកនៅខេត្តអាល់ហាសាកា(al-Hasakah)ភាគឦសាន ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្បួនរថក្រោះចំនួន៨៤គ្រឿង ដែលដឹកប្រេងពីតំបន់នានានៃខេត្តនេះ បានឆ្លងកាត់ចំណុចព្រំដែនអាល់ម៉ាមូឌីយ៉ា(al-Mahmoudiyah)ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សារព័ត៌មាន SANA បាននិយាយថា ក្បួនរថយន្ត ៧៦ គ្រឿងផ្សេងទៀត ដែលដឹកស្រូវសាលី និងស្រូវបាឡេ ពីឃ្លាំងគ្រាប់ធញ្ញជាតិ ដែលរឹបអូសដោយកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមកងកម្លាំងឃឺដ គាំទ្រដោយសហរដ្ឋអាមេរិក បានឆ្លងកាត់ចំណុចព្រំដែន អាល់ វ៉ាលីដ (al-Walid) ទៅកាន់ប្រទេសអ៊ីរ៉ាក់។
រដ្ឋាភិបាលស៊ីរី បានរិះគន់ប្រតិបត្តិការរបស់អាមេរិកថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងជាការកេងប្រវ័ញទ្រព្យសម្បត្តិជាតិរបស់ខ្លួន។ ប្រទេសស៊ីរីបាននិងកំពុងទប់ទល់ទៅនឹងផលប៉ះពាល់នៃសង្គ្រាម ហើយការលួចធនធានសំខាន់ៗរបស់ខ្លួនធ្វើឱ្យបញ្ហាសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។
រដ្ឋាភិបាលនេះ បានចោទសួរម្តងហើយម្តងទៀតអំពីតួនាទីរបស់កងកម្លាំងអាមេរិកក្នុងប្រទេសស៊ីរី ដោយនិយាយថា ពួកគេបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ៕