វិស័យព័ត៌មាន គឺឈរលើមូលដ្ឋានដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើគុណភាព និងប្រសិទ្ធភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសញ្ជាក់ ថាសម្រាប់វិស័យព័ត៌មាន គឺការឈរលើមូលដ្ឋាន ដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។
ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នេះបើយោងតាមការបញ្ជាក់ របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រោយកិច្ចប្រជុំបញ្ចប់ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ដែលឯកឧត្តមជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។
លោកបានបន្តថា គោលបំណងនៃជំនួប ដ៏មានសារៈសំខាន់នេះ គឺស្វែងយល់ និងពិគ្រោះយោបល់ លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន នេះជាបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក បានបន្តទៀតថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនអង្គប្រជុំទាំងមូល អំពីស្ថានភាពទូទៅ នៃដំណើរប្រព្រឹត្តទៅ ក្នុងវិស័យព័ត៌មាន ព្រមទាំងការអនុវត្តការងារ របស់ក្រសួងព័ត៌មាន ក្នុងរយៈពេលជិត ៥ខែ ដើមអាណត្តិ និងការកំណត់ទិសដៅ ការងារសម្រាប់ពេលខាងមុខ ក្នុងក្របខណ្ឌផែនការ សកម្មភាពវិស័យព័ត៌មាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក ទេព អស្នារិទ្ធ បន្ថែមថា អង្គប្រជុំបានស្តាប់ លទ្ធផលការងារជាក់ស្តែង ដែលសម្រេចបាននាពេលកន្លងទៅថ្មីៗនេះ ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មាន សន្តិសុខព័ត៌មាន និងការប្រឆាំងព័ត៌មានក្លែងក្លាយ ការកសាងមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីឲ្យស្របទៅនឹងកាលៈទេសៈ និងការវិវត្តរបស់សង្គម និងការលើកកម្ពស់ ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា “អង្គប្រជុំក៏បានស្តាប់ផងដែរ នូវចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏វ័យឆ្លាត និងប្រកបដោយថាមពល របស់ឯកឧត្តម នេត្រ ភក្ត្រា សម្រាប់ការរួមចំណែក តម្រង់ឆ្ពោះទៅគោលដៅឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាល បានកំណត់ប្រែក្លាយប្រទេសកម្ពុជា ឲ្យទៅជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០ ហើយសម្រាប់វិស័យព័ត៌មាននោះ គឺការឈរលើមូលដ្ឋាន ដំណើរការនៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។ ទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់ពីការបោះជំហ៊ាន ដ៏ស្វាហាប់ដើម្បីប្រែក្លាយ ក្រសួងព័ត៌មាន ឲ្យទៅជាស្ថាប័នកិច្ចការសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបុរេសកម្ម”។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានឲ្យដឹងថែមទៀតដែរថា ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ឯកឧត្តម រដ្ឋមន្ត្រីរួចមក គណៈកម្មការនៃរដ្ឋសភាបានថ្លែងនូវការកោតសរសើរ ចំពោះក្រសួងព័ត៌មាន សម្រាប់លទ្ធផលការងារ ដែលសម្រេចបាន ក្នុងរយៈពេលជិត ៥ខែ នាដើមអាណត្តិទី៧នេះ និងបានកោតសរសើរអំពីភាពសុខដុមនីយកម្មផ្ទៃក្នុង របស់ក្រសួងព័ត៌មាន ដោយបានផ្សារភ្ជាប់រវាងអ្នកជំនាន់មុន និងជំនាន់ថ្មី សម្រាប់ជាការតម្រង់ទិសក្នុងក្របខណ្ឌ នៃការដឹកនាំក្នុងអាណត្តិថ្មី និងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយគោលដៅច្បាស់លាស់។
បន្ទាប់មក កិច្ចប្រជុំបានបន្តពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្នុងបរិយាកាសស្និទស្នាល ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវ៕