សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។
សម្ដេចធិបតី បានណែនាំបែបនេះ នាឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅ វិមានសន្តិភាព។
សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
នាឱកាសនោះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រុមប្រតិបត្តិមួយជាក់លាក់ដើម្បី អនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ សម្តេចធិបតី ក៏បានបានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាន និងសាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួន ដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុង គោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ ៕