ឥណ្ឌា៖ ផែនការគ្រោងចំណាយជាង ១៣៤ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ
ឥណ្ឌា៖ លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា បានបង្ហាញផែនការចំណាយជិត ១៣៤ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តោតលើកំណែទម្រង់រយៈពេលវែង ដើម្បីជំរុញកំណើន និងទប់ស្កាត់គម្លាតសារពើពន្ធ ទោះបីជាមានសម្ពាធក្នុងការដំឡើងការចំណាយ នៅមុនការបោះឆ្នោតក៏ដោយ កាលពីថ្ងៃទី១ ខែកុម្ភៈ ។
គោលដៅឱនភាពសារពើពន្ធ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ត្រូវបានកាត់បន្ថយមកត្រឹម ៥,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណឱនភាពដែលត្រូវបានកែប្រែចំនួន ៥,៨ភាគរយ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ លោកស្រី Sitharaman បាននិយាយថា៖ «៥ឆ្នាំបន្ទាប់នឹងក្លាយជាឆ្នាំនៃការអភិវឌ្ឍដែលមិនធ្លាប់មានពីមុន និងជាពេលវេលាមាស ដើម្បីសម្រេចក្តីក្ដីសុបិននៃប្រទេសអភិវឌ្ឍន៍ឥណ្ឌា ត្រឹមឆ្នាំ២០៤៧»។
សូមបញ្ជាក់ដែរ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានបង្កើនការចំណាយលើផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីជាមធ្យោបាយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។ ថវិកានេះបានព្យាករពីការកើនឡើងនៃការចំណាយមូលធនលើគម្រោងរយៈពេលវែងបែបនេះ ១១ភាគរយផ្សេងទៀត កាលពីឆ្នាំមុន ដោយឡើងដល់ ១១,១សែនកោដិរូពី (១៣៣,៨០ពាន់លានដុល្លារ) ទោះបីជាការចំណាយសរុបរបស់រដ្ឋាភិបាលកើនឡើងក្នុងកម្រិតយឺតជាង ៦ភាគរយក៏ដោយ។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធក៏នឹងផ្តល់ប្រាក់កម្ចីចំនួន ១,៣សែនកោដិរូពី ជាប្រាក់កម្ចីរយៈពេលវែងដល់បណ្ដារដ្ឋនានា ដើម្បីចំណាយលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។
អ្នកវិភាគបាននិយាយថា នាយករដ្ឋមន្ត្រីលោក Narendra Modi កំពុងនាំមុខការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្ងាយ ដោយសារតែប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោក ហើយរដ្ឋាភិបាលស្ថិតនៅក្រោមសម្ពាធតិចតួច ក្នុងការប្រកាសពីគម្រោងប្រជានិយម។ ថវិកាបណ្តោះអាសន្ន សម្រាប់ឆ្នាំ២០២៤-២០២៥ ត្រូវបានគេមើលឃើញថា ជានិវេទន៍សេដ្ឋកិច្ច សម្រាប់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាចរបស់លោក Modi ដែលផ្តល់សញ្ញាដល់ទីផ្សារអំពីផែនការរបស់ខ្លួន សម្រាប់ការពង្រឹងសារពើពន្ធ ការខ្ចីប្រាក់ និងគោលនយោបាយយកពន្ធនាពេលអនាគត៕