អង្គរ គឺជាទីក្រុងបុរាណដ៏សែនធំជាងគេនៅក្នុងលោកយើងនេះ

តាមរបាយការណ៍របស់សកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា ទីក្រុងអង្គរគឺជាទីក្រុងបុរាណមួយដ៏សែនធំនៅក្នុងលោកយើងនេះកាលពីសម័យបុរាណ។ របកគំហើញនេះត្រូវបានប្រកាសឲ្យដឹងនៅក្នុងអត្ថបទវិទ្យាសាស្ត្របោះផ្សាយដោយទស្សនាវដ្ដីបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ (Proceedings of the National Academy of Sciences) ។

របាយការណ៍ដដែលនោះបានបង្ហាញថា ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះជាភាសាអង់គ្លេងថា ឡៃដារ(LIDAR) ដែលជាបច្ចេកវិទ្យាប្រើប្រាស់នូវកាំរស្មីឡាស៊ែរ ដើម្បីធ្វើការតាមដាន និងស្កែនចុះទៅខាងក្រោមដី បានឲ្យពួកអ្នកស្រាវជ្រាវរកឃើញនូវទំហំពិតប្រាកដនៃទីក្រុងអង្គរ ដែលមាននៅក្នុងអតីតកាលរបស់ខ្មែរ។

ការស្កែនដោយឡាស៊ែរបង្ហាញឲ្យឃើញទិដ្ឋភាពទីប្រជុំជនពុំធ្លាប់បានកត់ត្រាពីមុនមក ដែលមានបណ្ដាញតភ្ជាប់រវាងបណ្ដាប្រាសាទដែលមានចំណាស់ ១២០០ឆ្នាំ ។ ឡាស៊ែរពីលើអាកាសបានបង្កើតជាផែនទីលម្អិតលើកដំបូងអំពីទិដ្ឋភាពទាំងមូលរបស់ទីក្រុងនេះ ដែលរួមមានបណ្ដាញផ្លូវថ្នល់ និងប្រាសាទមួយចំនួនដែលពុំធ្លាប់បានស្គាល់ពីមុន ។ បុរាណវិទូលោក Damian Evans នៃសាកលវិទ្យាល័យស៊ីដនី ជាប្រធានក្រុមនិពន្ធអត្ថបទខាងលើនេះ មានប្រសាសន៍ថា «គ្មាននរណាម្នាក់ធ្លាប់ធ្វើផែនទីពីទីក្រុងបុរាណនេះដ៏លម្អិតពីមុនមកទេ ដូចនេះវាជាការបំបែកអាថ៌កំបាំងពិតៗដែលអាចឲ្យមើលឃើញពីទីក្រុងបានច្បាស់ដូចនេះ ។ វាគួរឲ្យរំភើបណាស់ដែលបានឃើញភស្តុតាងនៃសកម្មភាពមនុស្សជំនាន់នោះនៅតែបន្សល់ស្នាមនៅក្រោមកម្រាលព្រៃនៅឡើយ បន្ទាប់ពីទីក្រុងនេះមិនមានដំណើរការ និងគ្របដណ្ដប់ដោយព្រៃអស់ជាច្រើនសតវត្ស» ។

លោកសាស្រា្តចារ្យ Damian Evans ដែលជាអ្នកដឹកនាំគម្រោងស្រាវជ្រាវនេះបាននិយាយថា « ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា LIDAR នេះហើយ ទើបធ្វើឲ្យយើងបានដឹងពីទំហំយ៉ាងពិតប្រាកដនៃទីក្រុងអង្គរកាលពីសម័យដើម។ ហើយទំហំរបស់រាជធានីបុរាណនេះ ធំជាងអ្វីដែលយើងបានគិតឆ្ងាយណាស់។

លោកសាស្ត្រាចារ្យបាននិយាយបន្តទៀតថា តាំងពីឆ្នាំ1860 មក ការស្រាវជ្រាវ និងស្វែងយល់ពីរាជធានីបុរាណនេះ បានធ្វើឡើងជាបន្តបន្ទាប់ ហើយអ្នកស្រាវជ្រាវបានរកឃើញជាបន្តបន្ទាប់ផងដែរនូវប្រាង្គប្រាសាទជាច្រើន ដែលឋិននៅកប់បាត់ នៅក្នុងដងព្រៃ ហើយមានភ្នំមួយចំនួនទៀតដែល ដែលអ្នកស្រាវជ្រាវមិនបានទៅដល់ និងធ្វើការស្រាវជ្រាវបន្តទៀត ដូច្នេះសម្រាប់ខ្ញុំ នៅមានទីប្រាសាទច្រើនកន្លែងទៀតដែលរង់ចាំយើងទាំងអស់គ្នា។

លោកបាននិយាយបន្តទៀតថា រចនាសម្ព័ន្ធរៀងចំក្រុងអង្គរទាំងមូល ដូចជាផ្លូវ ថ្នល់ ប្រព័ន្ធបង្ហូរទឹក ត្រូវបានខាងសកលវិទ្យាល័យប្រើប្រាស់នូវបច្ចេកវិទ្យាឡៃដាររកឃើញ ហើយថាវាប្រហែលជាទីក្រុងបុរាណដ៏សែនធំមួយដែលគេបានរកឃើញនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

ក្រុមបុរាណវិទូដែលបានចំណាយពេលជាច្រើនឆ្នាំស្រាវជ្រាវនៅលើដីដើម្បីគូសផែនទីនៃផ្នែកមួយមានទំហំ៩គីឡូម៉ែត្រក្រឡាដែលជាចំណុចប្រជុំជននៃតំបន់ទាំងមូល ។ ប៉ុន្តែ ឡៃដារ បានបង្ហាញពីទីប្រជុំជនមានទំហំធំជាងនេះយ៉ាងឆ្ងាយគឺមានទំហំដល់ទៅ ៣៥គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅកុះករជាងចំនួនដែលគេធ្លាប់ជឿកន្លងមក ។

លោក Damian Evans និយាយថា «ការបំបែកអាថ៌កំបាំងពិតៗគឺការរកឃើញថាតំបន់ប្រជុំជននេះមានមនុស្សរស់នៅច្រើនកុះករ និងមានគម្រោងប្លង់ទីក្រុងធំជាងដែលធ្លាប់គិតកន្លងមក ។ មើលឃើញពីទំហំដែលយើងបានមើលរំលងពីមុន ធ្វើឲ្យយើងផ្លាស់ប្ដូរការយល់ដឹងអំពីរបៀបដែលទីក្រុងបុរាណទាំងនេះត្រូវបានរចនាកសាងឡើង» ។

បច្ចេកវិទ្យា LiDAR គឺជាបច្ចេកវិទ្យាទំនើប ដោយគេយកប្រអប់របស់វាមកផ្អោបជាមួយឧទ្ធម្ភាគចក្រ ហើយបាញ់កាំរស្មីឡាស៊ែចុះមកក្រោមដោយឆ្លងកាត់ដើមឈើ និងព្រៃ ព្រឹក្សារហូតមកដល់ដី ហើយកាំរស្មីនេះបានឡងឡើងមកលើវិញ ដោយនាំ មកជាមួយនូវទិន្នន័យជាក់ស្ដែង នៃស្ថានភាពដី ក្រោមដី និងដើមឈើ គឺបីបង្កើតជាផែនទីបីទំហំ (3 D) លម្អិតនៃតំបន់នោះ។ វាគឺជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់បុរាណវិទូពីព្រោះកាំរស្មីឡាស៊ែរអាចទម្លុះដើមឈើក្រាស់បាន និងគ្របដណ្ដប់ផ្ទៃដីទំហំធំបានលឿងជាងការដើរវិភាគដោយថ្មើរជើង ។ ឡៃដារត្រូវបានប្រើដើម្បីរុករកនៅទីតាំងបុរាណវិទ្យាផ្សេងៗទៀតផងដែរ ដូចជានៅ Stonehenge ចក្រភពអង់គ្លេស ។ ការឆ្លុះថតដោយប្រើកាំរស្មីឡាស៊ែអាចធ្វើឱ្យអ្នកស្រាវជ្រាវ យល់ដឹងអំពីសណ្ឋាន ដី រុក្ខជាតិ និងផែនទីបុរាណវិទ្យានៃរមណីយដ្ឋានអង្គរ ប្រកបដោយសុក្រឹត ភាពខ្ពស់ ។ ជាពិសេសបច្ចេកវិទ្យា LiDAR នឹងផ្តល់លទ្ធផលហួសពីការស្មាន ទុកនូវទិន្នន័យសំខាន់ៗ ដែលអ្នកស្រាវជ្រាវ ក៏ដូចជាអ្នកបុរាណវិទ្យាអាចធ្វើការសន្និដ្ឋានបានថា ក្នុងអំឡុងពេលនៃអាណាចក្រខ្មែរ តើការវិវត្តផ្នែកវិស្វកម្ម ការរៀបចំរចនាសម្ព័ន្ធទឹក ការពង្រីកក្រុងអង្គរ ព្រមទាំងការប្រែប្រួលអាកាស ធាតុនាពេលនោះមានលក្ខណៈយ៉ាងដូចម្ដេចខ្លះ។

នៅខែមេសា ឆ្នាំ២០១២ ក្រុមអ្នកស្រាវជ្រាវបានបំពាក់ឧបករណ៍នេះទៅនឹងឧទ្ធម្ភាគចក្រមួយដែលបានចំណាយពេលជាច្រើនថ្ងៃហោះហើរជុំវិញព្រៃក្រាស់ក្នុងកម្ពស់ ៨០០ម៉ែត្រពីដី ។ បន្ទាប់មក ក្រុមបុរាណវិទូមានជនជាតិអូស្ត្រាលី និងបារាំង បានទៅបញ្ជាក់ពីរបកគំហើញនានាដោយដំណើរថ្មើរជើងនៅក្នុងព្រៃ ។