អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងភរិយា ត្រូវជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទពុករលួយ
ប៉ាគីស្ថាន៖ គណបក្សរបស់លោក Imran Khan បានឲ្យដឹងថា តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី៣១ ខែមករា បានកាត់ទោសលោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Khan ឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ ដែលជាការផ្ដន្ទាទោសលើកទី៣ ចំពោះអតីតនាយករដ្ឋមន្ត្រីដែលកំពុងជួបការលំបាក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
គណបក្សរបស់លោក គឺគណបក្ស Tehreek-e-Insaf (PTI) បាននិយាយថា សាលក្រមនេះក៏រួមបញ្ចូលទាំងការដកសិទ្ធិរយៈពេល ១០ឆ្នាំពីការកាន់មុខតំណែងសាធារណៈផងដែរ។ គណបក្ស PTI បានបន្ថែមថា លោកស្រី Bushra Khan ដែលត្រូវបានគេស្គាល់ជាទូទៅឈ្មោះ Bushra Bibi បានព្រមឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានសាលក្រមនេះ។
ការជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ គឺធ្ងន់ធ្ងរជាងទោសរយៈពេល ១០ឆ្នាំដែលត្រូវបានអនុវត្តចំពោះលោក Khan កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ជុំវិញការចោទប្រកាន់ពីបទលាតត្រដាងការសម្ងាត់របស់រដ្ឋហើយការសម្រេចនេះកើតមានឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតជាតិ។ វានៅមិនទាន់ច្បាស់ទេថា តើការផ្ដន្ទាទោសទាំង ២ករណី ចំពោះលោក Khan នេះ នឹងដំណើរការស្របគ្នា ឬអត់។
លោក Khan និងភរិយារបស់លោក ត្រូវបានចោទប្រកាន់ពីបទលក់អំណោយដោយខុសច្បាប់ ដែលមានតម្លៃជាង ១៤០លានរូពី (៥០១.០០០ដុល្លារ) នៅក្នុងការកាន់កាប់របស់រដ្ឋ ហើយទទួលបានអំឡុងពេលលោកជានាយករដ្ឋមន្ត្រីឆ្នាំ២០១៨-២០២២៕