ប្រវត្តិសង្ខេបលោកតាឪសួង!

លោកតាសួង ត្រូវមហាជនដាក់រហស្សនាមឲ្យថា «ទេវតាលើដី ឬទេវតាលេងដី» ដ្បិតគាត់តែងតែជួយព្យាបាលមនុស្សលោកទូទៅតាមតំបន់ជនបទព្រៃភ្នំគ្រប់ទីកន្លែងនៅតំបន់ជួរភ្នំដងរែក ។
លោកឪ សួង ឬលោកតាសួង គឺជាកូនរបស់លោកតាឈួន និងលោកយាយស៊ន ដែលជាអ្នកស្រុកគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ។ លោកតាឈួន ដែលជាឪពុក បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ៨០ឆ្នាំ។ លោកតា សួង កើតនៅភូមិគូលែន ស្រុកគូលែនព្រហ្មទេព នៃខេត្តព្រះវិហារ មានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីអាយុ១០ឆ្នាំ កុមារសួង តែងតែសុំឪពុកម្តាយទៅបួស តែដោយឃើញកុមារ សួង នៅតូចពេក ឪពុកម្តាយមិនទាន់អនុញ្ញាតឲ្យទៅបួសទេ ។ លុះកុមារសួង អាយុ១៥ឆ្នាំ ឪពុកម្តាយក៏បានអនុញ្ញាតឲ្យទៅបួសជាសាមណរ និងជាភិក្ខុ នៅវត្តគូលែនព្រហ្មទេព។ ក្រោយមកភិក្ខុសួង បានចាកចេញពីវត្ត ទៅធ្វើធុតង្គនៅលើកំពូលភ្នំត្បែងមានជ័យ។
លោកតាចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ ។ លោកតាតែងប្រើវិជ្ជានេះដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ មានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះមានចេតោញាណ បេះដូង ជាពូជពង្សខ្មែរ ទើបអាចមាននិស្ស័យរៀនបាន ។

លោកតាបានចូលសមាបត្តិ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៩ ត្រូវនឹងព.ស២៥៤៣ ។ សព្វថ្ងៃព្រះរូបរបស់លោកតាត្រូវបានតម្កល់ទុកនៅវត្តផៃផាត់តាណា ស្រុកភូស៊ិង ខេត្តស៊ីសាកេត ប្រទេសថៃ ។ ជារៀងរាល់ឆ្នាំ គេត្រូវបើកមឈូស កោរសក់ និងកាត់ក្រចកចេញ ដោយដួងព្រលឹងរបស់លោកតា២ភាគ១០ នៅតាមសណ្ឋិតសិស្សគណ និងជួយសង្គ្រោះដល់ជនជាតិខ្មែរ និងមនុស្សទូទៅ ។
នាឆ្នាំមួយនៅពេលបើកមឈូសឆ្នាំបានកើតអព្ភូតហេតុបិទគម្របវិញមិនជិតសោះ ក្រោយបានកាត់ក្រចក កោរសក់ ផ្លាស់ប្តូរស្បង់ចីវរថ្មីរួចរាល់ ។
ដូច្នេះហើយបាននិមន្តសម្តេចព្រះសង្ឃរាជទេព វង្ស ពីប្រទេសកម្ពុជាទៅជួយសូត្រមន្ត អធិដ្ឋានដាស់រំលឹកធម៌ដើមកំណើតខ្មែរ ព្រោះលោកតាឪសួង មានដើមកំណើតជាខ្មែរ ទើបក្នុងពេលក្រោយនោះ៣នាទី មេឃខ្មៅងងឹត ភ្លៀង ផ្គររន្ទះ ក៏បានរសាត់ជ្រះស្រឡះ ភ្លាមៗ ។

អព្ភូតហេតុនោះបានធ្វើឲ្យប្រជាជន និងពុទ្ធបរិស័ទក្នុងប្រទេសថៃកាន់តែមានជំនឿលើបារមីរបស់លោកតាសួងបន្ថែមទៀត ។ សព្វថ្ងៃព្រះរូបរបស់លោកតាពូកែសក្តិសិទ្ធិខ្លាំងណាស់ ជនជាតិថៃគោរពបូជា ដូចជាព្រះអាទិទេព ដោយបានសរសេរពាក្យស្លោកថា «ទេវតាដើរដី», (រុក្ខជាតិល្អ និងដីល្អ)…។
លោកតាសួង មានសិស្សប្អូនមួយអង្គកំពុងនៅមានព្រះជន្មនៅឡើយ ព្រះនាមលោកតាសាន សព្វថ្ងៃនេះគង់នៅវត្តទឹកជុំ នៃប្រទេសកម្ពុជា។ អ្នកស្រុកភ្នំគូលែន ភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ តែងតែណែនាំកូនចៅ ទៅគោរពនឹកគុណដល់លោកតា សួង អ្នកសច្ចំភ្នំត្បែងមានជ័យ ស្រុកគូលែន ខេត្តព្រះវិហារ និងសូមឲ្យលោកតាជួយតាមថែរក្សាជនជាតិខ្មែរ និងប្រទេសកម្ពុជា ឱ្យជួបតែសេចក្ដីសុខសេចក្តីចម្រើនជារៀងដរាបតរៀងទៅ៕ (កែសម្រួលដោយ ៖ បុប្ផា)