លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីតប្រធានគណៈបក្សខ្មែរក្រោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ បន្ថែមលើសំណុំរឿងប៉ុនប៉ងលួចនៅកំពុងស្ពឺ
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានប្រកាសសាលក្រមផ្តន្ទាទោសលើក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អតីត ប្រធានគណៈបក្សខ្មែរក្រោក ដាក់ពន្ធនាគារពី៤ឆ្នាំ ដល់៦ឆ្នាំ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ជនជាប់ចោទក្នុងនោះរួមមាន៖
ជនជាប់ចោទទី១៖ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ប្រធានគណៈបក្សខ្មែរក្រោក ដាក់ពន្ធនាគារ៦ឆ្នាំ ។
ទី២.ឈ្មោះ អោ រ៉ាមន ភេទប្រុស អាយុ៣៣ ឆ្នាំ។
ទី៣.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ។
ទី៤.ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ។
ទី៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ ដាក់ពន្ធនាគារ៤ឆ្នាំ។
ទី៦.ឈ្មោះ ជួន សុភ័ត្ត្រា ។
ទី៧.ឈ្មោះ នុត សុជាតិ ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
សូមជម្រាបថា លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កន្លែងទៅបានប្រកាសសាលក្រម លើជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ ប្រធានគណៈបក្សខ្មែរក្រោក នឹងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ (ឧកញ៉ា អ៊ាន សៀវម៉ី) មានស្រុកកំណើតនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម នឹងមានអាស័យដ្ឋានស្នាក់នៅ បុរីប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារ៩ឆ្នាំ។
ទី២ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ ជាអ្នកពាក់ឯកសណ្ឋាននគរបាលនិងដីកា ធ្វើសកម្មភាព ដាក់ពន្ធនាគារ៨ឆ្នាំ ។ ទី៣.ឈ្មោះ អោ រ៉ាមន ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដាក់ពន្ធនាគារ៨ឆ្នាំ។ ទី៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារ៨ឆ្នាំ។ ទី៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ ជាសមាជិកគណបក្សខ្មែរក្រោកមានទីលំនៅភូមិប្រមូលផ្តុំ ឃុំត្រាច ស្រុកជ័យសែន ខេត្តព្រះវិហារ ដាក់ពន្ធនាគារ៦ឆ្នាំ។ ទី ៦.ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ២៨ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង) មុខរបរ លក់ដូរ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារ៦ឆ្នាំ។ ទី៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរ លក់ដូរ នឹងទិញលក់រថយន្ត មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដាក់ពន្ធនាគារ៦ឆ្នាំ។ និង៨. ឈ្មោះ ជួន សុភ័ត្ត្រា ដាក់ពន្ធនាគារ៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទយកមកអនុវត្តទោសនៅក្នុងពន្ធនាគារ។
អ្នកទាំង៨នាក់ជាប់ចោទពីបទលួច កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ,បទក្លែងឯកសារសាធារណៈ និងបទ. សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស តាមមាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន ។
សាលក្រមនេះក៏បានសម្រេចឱ្យជនជាប់ចោទទាំងរួមគ្នាសងសំណងទៅដើមបណ្ដឹងចំនួន៥០ ម៉ឺនដុល្លារ និងជំងឺចិត្ត២០០លានរៀល៕