CNN Philippinesនឹងបិទដំណើរការ ដោយសារបញ្ហាលំបាកហិរញ្ញវត្ថុ
បរទេស៖ នៅប្រទេសហ្វីលីពីន ប្រព័ន្ធផ្សព្វផ្សាយ CNN Philippinesនឹងបញ្ឈប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី៣១ ខែមករានេះតទៅ ដោយសារ«ការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ» នេះបើតាមការប្រកាសឲ្យដឹងពីម្ចាស់របស់ប្រព័ន្ធផ្សព្វផ្សារនេះ កាលពីថ្ងៃម្សិលមិញនេះ ដែលនេះជាផលប៉ះពាល់ដ៏ធំចុងក្រោយបំផុត ចំពោះឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយនេះ បានចាប់ផ្តើមដំណើរការនៅហ្វីលីពីន ក្នុងឆ្នាំ២០១៥ ដោយទទួលបានអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយ CNN ដោយផ្តល់ព័ត៌មានភាសាអង់គ្លេសជាចម្បង នៅលើទូរទស្សន៍ឥតគិតថ្លៃ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍បង់ប្រាក់។ បុគ្គលិកត្រូវបានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះ អំពីការសម្រេចចិត្តបិទការផ្សាយព័ត៌មាន និងប្រតិបត្តិការផលិតកម្មនៅលើគ្រប់វេទិកាទាំងអស់។
បុគ្គលិកម្នាក់ បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការបិទនេះនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣០០នាក់។ សហភាពជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន បាននិយាយថា ការបិទនេះមានន័យថា នឹងធ្វើឲ្យ «មានកាន់តែតិចនូវប្រភពព័ត៌មានដែលអាចទុកចិត្តបានសម្រាប់សាធារណជន នៅពេលដែលព័ត៌មានមិនត្រឹមត្រូវ និងព័ត៌មាននាំឲ្យយល់ខុស កំពុងរីករាលដាល»៕