ការតវ៉ាប្រឆាំងនឹងតួនាទីរបស់អង្គការណាតូ ក្នុងការបញ្ឆេះជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ពីពលរដ្ឋអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ ហ្វូងពលរដ្ឋអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នានៅទីក្រុង Dusseldorf ក្នុងរដ្ឋ North Rhine-Westphalia (ណស រ៉ាញវេសហ្វេលីយ៉ា) ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីរិះគន់បណ្តាប្រទេសលោកខាងលិច ចំពោះការបង្កើនវិបត្តិនៅអ៊ុយក្រែនដោយការផ្គត់ផ្គង់អាវុធដល់ប្រទេសសនេះ កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ ។

ជាមួយការទាមទារឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បញ្ឈប់ជាបន្ទាន់នូវការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ក្រុមបាតុករបានកាន់បដា និងផ្ទាំងក្ដារដែលសរសេរថា «យើងចង់បានសន្តិភាព» «គ្មានសង្រ្គាម» «អាវុធមិនអាចបង្កើតសន្តិភាពបានទេ» និងពាក្យស្លោកជាច្រើនផ្សេងៗទៀត។

ពួកគេបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ-NATO) ដែលចង់ធ្វើសង្រ្គាមជុំវិញពិភពលោក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន(សហរដ្ឋអាមេរិក)។

ក្រុមបាតុករបានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ ពីកំណើនភាពតានតឹងនៅក្រៅប្រទេស ខណៈពេលដែលមិនយកចិត្តទុកដាក់ចំពោះបញ្ហាក្នុងស្រុករបស់ខ្លួន។ ទណ្ឌកម្មដ៏តឹងតែងដែលដាក់ដោយសហភាពអឺរ៉ុប (EU) លើប្រទេសរុស្ស៊ី បានបង្កឱ្យមានវិបត្តិថាមពលធ្ងន់ធ្ងរនៅក្នុងប្រទេសអាល្លឺម៉ង់ និងបានជំរុញឱ្យមានអតិផរណាបន្ថែមទៀតផងដែរ។

ជាមួយនឹងការស្ទង់មតិបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានជាប់គាំងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ បណ្ដាអាជីវកម្មអាល្លឺម៉ង់កំពុងបាត់បង់ទំនុកចិត្តលើចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះហើយ៕