អនុម័តអនុសាសន៍ បានធ្វើឡើងដោយចិន ពីក្រុមការងារ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
UN៖ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុសាសន៍ដែលបានធ្វើឡើងចំពោះប្រទេសចិន ត្រូវបានអនុម័តដោយសម័យប្រជុំលើកទី៤៥ នៃក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២៦ ខែមករា។
នាសប្តាហ៍នេះ ប្រទេសចិនបានចូលរួមក្នុងជុំទី៤ នៃកិច្ចប្រជុំរបស់ UPR ហើយលោក Chen Xu អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងហ្សឺណែវ បានថ្លែងថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើដំណើរឆ្ពោះទៅមុខយ៉ាងជាប់លាប់ និងការពារសិទ្ធិមនុស្ស ហើយនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល តស៊ូមតិដើម្បីតម្លៃមនុស្ស រួមគាំទ្រការបង្កើតសហគមន៍សកលនៃអនាគតរួមគ្នា និងធ្វើការរួមគ្នា ដើម្បីកសាងពិភពលោកឲ្យកាន់តែប្រសើរឡើង។
លោក Chen តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀត ក្នុងប្រទេសស្វីសនោះ ក៏បាននិយាយផងដែរថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនកំពុងជំរុញយ៉ាងទូលំទូលាយ ក្នុងការកសាងប្រទេសដ៏រឹងមាំមួយ និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារជាតិឡើងវិញជាមួយនឹងទំនើបកម្មរបស់ចិន។
គណៈប្រតិភូរដ្ឋាភិបាលចិនបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃទី២៣ ខែមករាកន្លងមកនេះ ហើយមាននូវការសន្ទនាក្នុងន័យស្ថាបនាជាមួយតំណាងប្រទេសនានា ក្នុងលក្ខណៈបើកចំហ និងស្មោះត្រង់។ ជាង ១២០ប្រទេស បាននិយាយអំពីវឌ្ឍនភាព ដែលចិនសម្រេចបានផ្នែកសិទ្ធិមនុស្ស និងបានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
សូមបញ្ជាក់ថា UPR ធ្វើតួនាទីជាវេទិកាដ៏សំខាន់ ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងការពិភាក្សាប្រកបដោយសមធម៌ និងដោយស្មោះត្រង់លើបញ្ហាសិទ្ធិមនុស្ស ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា។ ប្រទេសចិនបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះចំនួន ៣លើក ពីមុន ក្នុងឆ្នាំ២០០៩ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ តាមលំដាប់លំដោយ៕