ក្រោយពន្យារពេលអស់ ២០ខែ ទួរគី យល់ព្រមលើសំណើចូលសមាជិកអង្គការ NATO របស់ស៊ុយអែតហើយ

ទួរគី៖ ការផ្តល់សច្ចាប័នពីសភារបស់ប្រទេសទួរគី លើសំណើសមាជិកភាពអង្គការណាតូ របស់ប្រទេសស៊ុយអែត ដោយបានជម្រះឧបសគ្គដ៏ធំបំផុត ដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីការពន្យារពេល ២០ខែ កាលពីថ្ងៃម្សិលមិញនេះ។

សម្ព័ន្ធកាន់អំណាចរបស់លោកប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងមហាសន្និបាតរបស់ប្រទេសទួរគី ទទួលបានសំឡេងភាគច្រើន បានបោះឆ្នោតគាំទ្រ ២៨៧សំឡេងទល់នឹងការប្រឆាំង ៥៥សំឡេង ដើម្បីអនុម័តលើពាក្យសុំដែលស៊ុយអែត បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនជាការឆ្លើយតបទៅនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន។

សមាជិកណាតូ ទាំងអស់ត្រូវយល់ព្រមលើពាក្យសុំពីប្រទេស ដែលចង់ចូលរួមក្នុងសម្ព័ន្ធយោធានេះ។ ខណៈពេលដែលស៊ុយអែត និងហ្វាំងឡង់ បានស្នើសុំចូលរួមនៅឆ្នាំ២០២២ ទួរគីបានលើកឡើងពីការជំទាស់លើអ្វី ដែលខ្លួនបាននិយាយថាជាការការពាររបស់ប្រទេសទាំងពីរនេះចំពោះក្រុមដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ។

ក្នុងនោះទួរគីបានគាំទ្រសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ កាលពីខែមេសា ឆ្នាំមុន ប៉ុន្តែបានរួមគ្នាជាមួយប្រទេសហុងគ្រី ដោយទុកឲ្យស៊ុយអែតឲ្យនៅរង់ចាំ។

គេរំពឹងថា លោក អឺដូហ្គាន់នឹងចុះហត្ថលេខាលើច្បាប់អនុម័តសំណើសមាជិកភាពនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដោយទុកឲ្យប្រទេសហុងគ្រី ដែលលោកនាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orban) មានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ជារដ្ឋសមាជិកតែមួយគត់ដែលមិនយល់ព្រមលើការចូលជាសមាជិករបស់ស៊ុយអែត៕