សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា វិស័យព័ត៌មានមានសារសំខាន់បំផុត ក្នុងការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ
ភ្នំពេញ៖ ការថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថា អំណាចនៃវិស័យព័ត៌មាន គឺជាអំណាចទី៤ ហើយប្រសិនបើប្រើប្រាស់ត្រូវវិស័យនេះ គឺមានសារសំខាន់បំផុតក្នុងការចូលរួមថែរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អ្នកសារព័ត៌មាន គឺជាប្រតិបត្តិករសំខាន់ណាស់ក្នុងការផ្ដល់ព័ត៌មានពិតត្រឹមត្រូវមានវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ និងសាធារណៈជន ដូច្នេះកុំធ្វើអ្វីឲ្យខុសវិជ្ជាជីវៈរបស់ខ្លួន ដោយត្រូវនាំមកនូវព័ត៌មានពិត មិនត្រូវប្រឌិត ដែលនាំឲ្យប៉ះពាល់ដល់សង្គមជាតិ។
ទន្ទឹមគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរ ថា អ្នកសារព័ត៌មានមួយចំនួនមានចំណេះដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារឲ្យពួកគេបន្តធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ខណៈអ្នកសារព័ត៌មានខ្លះបានដើរហួសវិជ្ជាជីវៈរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម ដូច្នេះសម្តេចក៏បាន ណែនាំឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យមើលចំពោះការឡាយផ្ទាល់របស់អ្នកសារព័ត៌មានខ្លះ ដែលនាំឲ្យមានផលប៉ះពាល់ផ្ទាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់គេ ខណៈការឡាយទាំងនោះបានបង្ហាញនូវមុខគេជាពិសេសគឺស្រ្តីតែម្តង ៕