សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងការពិនិត្យជាតិអាល់កុលបន្ថែមទៀត នៅតាមដងផ្លូវ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងរឹតបណ្តឹងបន្ថែមទៀត ចំពោះជាតិអាល់កុលនៅតាមដងផ្លូវ ខណៈបញ្ហាចរាចរណ៍ បានកើតឡើងយ៉ាងរន្ធត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹង។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាចរាចរណ៍ដែលបានកើតឡើងដោយសារគ្រឿងស្រវឹងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះគួរឲ្យរន្ធត់យ៉ាងខ្លាំង ជាក់ស្តែងដូចករណីដែលបានបុកមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នៅស្ពានឫស្សីកែវ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដោយសារតែគ្រឿងស្រវឹងនេះតែម្តង ដូច្នេះត្រូវតែអនុវត្តន៍ ពិនិត្យជាតិអាល់កុលចំពោះអ្នកបើកបរតាមដងផ្លូវបន្ថែមទៀត ចាប់ពីពេលនេះតទៅ។

ទន្ទឹមគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវដល់បណ្តាប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ គប្បីត្រូវមានកម្រិតដោយមិនត្រូវឲ្យពិធីករ ពិធីការិនី ឬប្រជាពលរដ្ឋ ជាពិសេសគឺយុវជន-យុវនារី គាស់កំប៉ុងភ្លក់ស្រាបៀ ដែលកំពុងមានការឡាយ ក្នុងកម្មវិធីអ្វីនោះឡើយ ខណៈរូបភាពដែលបង្ហាញពីយុវជនឲ្យមានការភ្លក់ស្រាបៀ នៅលើប្រព័ន្ធផ្សព្វផ្សាយទៅកាន់មហាជននោះ វាជះឥទ្ធិពលអាក្រក់ដល់សង្គមទាំងមូល។

យ៉ាងណាក៏ដោយក្រោយមានការផ្ទុះការរិះគន់ចំពោះប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងស្រាបៀនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោះប្រជុំជាមួយថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ ដោយកិច្ចប្រជុំនោះត្រូវបានសម្តេច អះអាងថា ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទទួលការសំណូមពរពីសម្តេច ហើយពួកគេនឹងធ្វើការផ្សព្វផ្សាយដូចអ្វីដែលសម្តេច បានណែនាំយ៉ាងដូច្នេះដែរ៕