ដំណើរការ 50 ឆ្នាំ ! ថ្មនុយក្លេអែរចិន មិនបាច់បញ្ចូលថាមពលជាថ្មី

Betavolt ជាក្រុមហ៊ុនធុរកិច្ចថ្មីរបស់ចិន បានអភិវឌ្ឍថ្មផ្ទុកថាមពលនុយក្លេអែរតូចប៉ុនកាក់ ប៉ុន្តែមានដង់ស៊ីតេថាមពលខ្ពស់ជាង 10 ដង បើធៀបនឹងថ្មប្រភេទលីចូម។

ក្រុមហ៊ុន Betavolt ប្រភេទថ្មថ្មី ដែលមានឈ្មោះថា BV100 នេះ អាចជួយផ្គត់ផ្គង់ថាមពលដល់ទូរស័ព្ទ នាពេលអនាគត បើទោះនៅមានកិច្ចការជាច្រើនត្រូវធ្វើ មុននឹងប្រការនេះក្លាយជាការពិត នេះបើតាម IFL Science ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។

BV100 បង្កើតអគ្គិសនីតាមរយៈការប្រើប្រាស់ថាមពល ដែលបញ្ចេញពីអ៊ីសូតូបវិទ្យុសកម្ម ដែលកំពុងរលាយរបស់នីកែល (nickel-63)។ ថ្មនេះអាចផ្ទុកអគ្គិសនីបាន 3,300 មេហ្គាវ៉ាត់ម៉ោង និងត្រូវបានបង្ហាញថាមានដង់ស៊ីតេថាមពលខ្ពស់ជាង 10 ដង បើធៀបនឹងថ្មលីចូម (lithium)។

យោងតាម Betavolt ថ្ម BV100 អាចផ្គត់ផ្គង់អគ្គិសនីរហូតដល់ 50 ឆ្នាំ ដោយមិនចាំបាច់បញ្ចូលថាមពលជាថ្មី ឬថែទាំ ជួសជុល។

ក្រុមហ៊ុនខាងលើឱ្យដឹងថា «…មានផែនការបង្ហាញថ្ម ដែលមានថាមពល 1 វ៉ាត់ នៅឆ្នាំ 2025 ។ បើសិនមានគោលការណ៍អនុញ្ញាត ថ្មថាមពលនុយក្លេអែរនេះអាចជួយឱ្យទូរស័ព្ទចល័តមិនត្រូវការបញ្ចូលថាមពល និងជួយឱ្យយន្តហោះដ្រូនអាចហោះហើរជាបន្តបន្ទាប់»៕