សករាជថ្មី ! កម្ពុជា-បារាំង បង្កើតឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមិនធ្លាប់មានក្នុងរយៈពេល៣០ចុងក្រោយ

ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាប្រទេសបារាំង ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា បានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និងបារាំង ដែលមិនធ្លាប់មាននោះឡើយក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ គឺភាគីទាំងពីរបានឯកភាពរួមគ្នាជាច្រើន ដើម្បីផលប្រយោជន៍រួមរវាងប្រជាជន និងប្រទេសទាំងពីរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅកម្ពុជា និងបារាំងនឹងបើកសករាជថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទាំងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។

ស្របជាមួយគ្នានោះប្រធានាធិបតីបារាំង ឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ក៏បានស្នើឲ្យកម្ពុជាចូលរួមនូវយុទ្ធនាការជាមួយខ្លួនផងដែរក្នុងការទប់ស្កាត់ការកើនកម្តៅលើភពផែនដី និងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោកជាដើម។

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ ក៏បានលើកឡើងផងដែរថានៅក្នុងកិច្ចជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអេម៉ាណូអែល ម៉ាក្រុង ថ្នាក់ដឹកនាំទាំងពីរ បានប្រកាសគោលជំហររួមគ្នាចំពោះមុខផងដែរទាក់ទងនឹងសង្រ្គាមនៅរុស្ស៊ី ជំហររួមគ្នានៅចំពោះមុខនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជំហររួមគ្នាលើកិច្ចសហប្រតបិត្តិការជាច្រើនទៀតទាក់ទងនឹងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-បារាំង)៕